រាជធានីភ្នំពេញ ៖ អាជ្ញាធរមានសមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមកលេងពិធីបុណ្យអុំទូកឆ្នាំនេះ ត្រូវប្រុងប្រយត្ន័ឲ្យបានខ្ពស់ ចំពោះទ្រព្យសម្បត្តិមានតម្លៃដោយខ្លួនឯង ពោលគឺមិនត្រូវពឹងផ្អែកទៅលើសមត្ថកិច្ចទាំងស្រុងនោះទេ ដើម្បីចៀសវាងមានការបាត់បង់ដោយប្រការណាមួយនៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកចាប់ពីថ្ងៃទី១០ដល់១២ វិច្ឆិកា ២០១៩នេះ ។
លោកអភិបាលរងខណ្ឌជ្រោយចង្វារ អំពាវនាវដូច្នេះថា សូមភ្ញៀវទេសចរទាំងអស់ពេលមកចូលរួមដើរកំសាន្ត បុណ្យអុំទូក នេះ ត្រូវផ្ញើរឬទុកដាក់ម៉ូតូ ឡាន ឬសម្ភារៈមានតម្លៃផ្សេងៗឱ្យមានរបៀបរៀបរយ បើទោះបីជាកម្លាំងសមត្ថកិច្ចបានដាក់ពង្រាយជាច្រើននាក់ នៅតាមគោលដៅផ្សេងៗក៏ដោយ តែបើប្រជាពលរដ្ឋមានការទ្វេសប្រហែស ក្រុមជនខិលខួចអាចមានឱកាសលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាមិនខាន ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមានការបាត់ម៉ូតូរបស់ប្រជាពលរដ្ឋ ចំនួន៣គ្រឿង កាលពីបុណ្យអុំទូកថ្ងៃទីមួយ នៅគោលដៅជ្រោយចង្វាត្រើយខាងកើតទន្លេ មូលហេតុដោយសារម្ចាស់ម៉ូតូ មានការទ្វេសប្រហែសទុកម៉ូតូចោល ហើយមិនបានផ្ញើ ឬក៏មើលមិនបានត្រឹមត្រូវ ។
ជាមួយគ្នានេះដែរ បើសង្ស័យ ឫមានករណីឃើញចោរលួច ឆក់ ឬមានបញ្ហាសន្តិសុខផ្សេងៗ ត្រូវរាយការណ៍ទៅសមត្ថកិច្ចប្រចាំគោលដៅក្បែរកលោកអ្នកភ្លាមៗ ដើម្បីកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ ឲ្យទាន់ពេលវេលា ៕