បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មេបញ្ជាការយោធភូមិភាគ៥ កម្ពុជាជួបសំណេះសំណាល និងចាប់ដៃគ្នាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមេបញ្ជាការយោធភូមិភាគ១ថៃ លើស្ពានមិត្តភាពកម្ពុជាថៃ នៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខ្លងលឹក ។
ភាគីទាំងពីរ ដែលកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ផ្កាយ៣ ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ អមដោយឧត្តមសេនីយ៍ផ្កាយ២ សេង ធារិន មេបញ្ជាការរងភូមិភាគទី៥ ទទួលសេនាធិការ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួន។ រីឯភាគីថៃ ដឹកនាំដោយមេបញ្ជាការភូមិភាគ១ លោកឧត្តមសេនីយ៍ទោ ថាំម៉ាក់នូន វិធី (LtGen.Thammanoon) ព្រមទាំងថ្នាក់ដឹកនាំមួយចំនួន។
បន្ទាប់ពីភាគីទាំង២ជួបចាប់ដៃគ្នារយៈពេលខ្លីក៏បានបន្តដំណើរចូលទៅក្នុងទឹកដីថៃ ដើម្បីជួបសំណេះសំណាលគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភូមិភាគទាំង២ និងពិភាក្សាអំពីការពង្រឹងបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ ជាពិសេសលើវិធានការទប់ស្កាត់ ការឆ្លងដែនចូលមកប្រទេសកម្ពុជា របស់លោក សម រង្ស៉ី ព្រមទាំងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ៕