ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២តុលា តារាចម្រៀងស្រីល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា សួស វីហ្សា ម្ចាស់បទ វាសនាបុប្ផាស្វាយរៀង បានទម្លាយនូវរូបភាពរថយន្តស៊េរីទំនើប Lexus 570 kuro 2020 ពណ៌ខ្មៅរលោង តម្លៃជាង២២ម៉ឺនដុល្លារ យ៉ាងភ្ញាក់ផ្អើល នៅលើបណ្ដាញសង្គមហ្វេសប៊ុក ។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងទៀតនោះ ស្របនឹងការបង្ហាញរថយន្តនេះ នាងក៏បានបង្ហាញពីប្រយោគមួយឃ្លាផ្តាំទៅបុគ្គលដែលធ្លាប់មើលងាយគ្រួសារនាងថា មនុស្សកុំមើលងាយមនុស្ស ។
កញ្ញា សួស វីហ្សា បានរៀបរាប់ឲ្យដឹងថា មួយជីវិតនេះ អ្វីដែលត្រូវធ្វើ គឺនាងបានលះបង់អស់ហើយសម្រាប់គ្រួសារមួយនេះ។ កាលពីមុនគ្រួសារនាងធ្លាប់ក្រលំបាកឆ្អែតហើយ ហើយសម្រាប់រឿងគេមើលងាយមើលថោកក៏វាឆ្អែតដែរ តែយើងមិនដែលតបតគេដោយវិធីអាក្រក់ទេ ។
បន្ថែមពីលើនេះ គ្រួសារនាងតែងរើសយកវិធីឈ្នះពួកនោះវិញ ដោយការប្រឹងប្រែងរកស៊ី សាងកេរ្តិ៍ឈ្មោះ សាងកិត្តិយសឲ្យអ្នកទាំងនោះបានឃើញ និងប្រឹងដោយសមត្ថភាព មិនបានបៀតបៀន និងបំផ្លាញអ្នកណាទាំងអស់។ ចំណែកការបង្ហោះនេះ គឺគ្រាន់តែចង់ប្រាប់ទៅអ្នកដែលចូលចិត្តតាំងខ្លួនអស្ចារ្យមួយចំនួនថា សូមកុំមើលងាយមនុស្ស កុំមើលងាយអ្នកក្រ ធ្វើតែល្អៗទៅ ព្រោះរឿងវាសនាមនុស្សវាមើលមិនឃើញទេ ម្តងគេ ម្តងយើងទេ ។
គួរជម្រាបផងដែរថា សួស វីហ្សា ជាតារាចម្រៀងស្រីល្បីឈ្មោះមួយរូប ស្ថិតក្នុងផលិតកម្មហង្សមាស បច្ចុប្បន្នស្រី ស្រស់រូបនេះ មានប្រជាប្រិយភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងក្នុងសង្គមសិល្បៈ ហើយស្រីស្អាតរូបនេះ ក៏ធ្លាប់ធ្វើជាគណកម្មការក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kid Cambodia រដូវកាលទី២ផងដែរ ។
បច្ចុប្បន្ន សួស វីហ្សា ក្រៅតែអាជីពសិល្បៈច្រៀងនាងក៏មានមុខជំនួញផ្ទាល់ខ្លួនដែលអាចរកចំណូកបានខ្ពស់ពីអាជីពទាំងពីរនេះផងដែរ ហើយក៏កំពុងតែត្រៀមខ្លួនធ្វើជាកូនក្រមុំ ដោយនាងត្រូវចូលរោងការ ជាមួយ នឹងគូដណ្ដឹង គឺលោក ថមមី នាចុងឆ្នាំ២០១៩នេះ បន្ទាប់ពីអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាហើយ កាលពីមួយរយៈកន្លងទៅនេះ ៕