រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជម្រុញអោយភាគីពាក់ព័ន្ធធ្វើការបើកការដ្ឋានអ៊ុតផ្លូវកៅស៊ូមហាវិថី សម្ដេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រអោយបានរួចរាល់ជាស្ថាពរ និងដាក់អោយប្រជាពលរដ្ឋបានធ្វើដំណើរនៅចុងឆ្នាំ២០១៩នេះ ។
ការជម្រុញនេះធ្វើឡើងក្នុងដំណើរដែលលោកអភិបាលរាជធានីភ្នំពេញ ដឹកនាំក្រុមការងារពាក់ព័ន្ធចុះពិនិត្យស្ថានភាពផ្លូវ៦០ម៉ែត្រ នៅល្ងាចថ្ងៃទី១៧ តុលា ២០១៩នេះ ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានមានប្រសាសន៍ អោយដឹងថា ការបើកការដ្ឋានស្ថាបនាផ្លូវមហាវិថី សម្ដេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រ តភ្ជាប់ជាមួយនឹងផ្លូវ២៧១ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បីសម្រួលឲ្យការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ ខណៈដែលផ្លូវខាងលើនេះ មានលក្ខណៈតូចចង្អៀត ដោយសារតែមានផលប៉ះពាល់ជាមួយលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួននៅទីនោះ ។ យ៉ាងណា មកដល់ពេលនេះ ផលប៉ះពាល់ទាំងនោះត្រូវបានដោះស្រាយហើយ ។
ចំណែកឯប្រជាពលរដ្ឋបានទទួលយកនូវសំណងរបស់ក្រុមហ៊ុនដោយសប្បាយរីករាយក្នុងចិត្ត ដោយសារតែក្រុមហ៊ុនសាងសង់លំនៅដ្ឋានជូនពួកគាត់ អភិវឌ្ឍន៍នៅនឹងកន្លែង ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងបឹងដែលរងផលប៉ះពាល់ដែរនោះ ក៏ទទួលបានលំនៅដ្ឋានធ្វើអំពីថ្ម ដោយអភិវឌ្ឍន៍នៅនឹងកន្លែងផងដែរ ដោយពួកគាត់ទទួលបានផ្ទះល្វែងនៅក្នុងបុរីនៅក្បែរនឹងទីតាំងដែលទទួលរងផលប៉ះពាល់នោះផងដែរ ៕