ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានអូសខ្សែភ្លើងភ្ជាប់ចរន្តអគ្គិសនីចេញពីផ្ទះ ដើរឆក់ត្រី តែភ្លាត់ស្នៀត បែរជាឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅភូមិអណ្តូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង ។
ជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់នេះ មានឈ្មោះស៊ុ បូណៃ ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិអណ្តូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង។


ប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានតខ្សែភ្លើងភ្ជាប់ចរន្តអគ្គិសនីចេញពីផ្ទះរបស់ឈ្មោះ ជិន សុភ័ក្រ ភេទប្រុស អាយ ៣២ឆ្នាំ នៅភូមិជាមួយគ្នា ដើម្បីឆក់ត្រីនៅចំណុចវាលស្រែរខាងលិចភូមិចម្ងាយជាង៤៥ម៉ែត្រ តែអកុសល បែរជាឆក់ខ្លួនឯង ហើយពេលនោះ ក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ តែមិនអាចជួយសង្គ្រោះជនរងគ្រោះបានទេ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះត្រួតពិនិត្យសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយខ្សែភ្លើងឆក់ស្លាប់ពិតប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីទេ ហើយបានធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕