ស្រាវជ្រាវដោយ ឈឹម សេរីភួន៖

លោកគ្រូហែម ចៀវ ប្រសូត្រនៅថ្ងៃអង្គារ ឆ្នាំច ព.ស. ២៤៤០ គស ១៨៩៨ នៅភូមិអូរកូនទេញ (កោណ្ឌ័ញ្ញ) ឃុំដំបូកមានលក្ខណ៍ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ឪពុកឈ្មោះហែម ជាមេឃុំដំបូលមានលក្ខណ៍ ម្តាយឈ្មោះទីវ និងមានបងប្អូន៥នាក់ គឺទី១-ហែម លី, ទី២-ហែម ចៀវ, ទី-៣ ហែម ហួត, ទី-៤ ហែម សុច (ស្រី), ទី-៥ ហែម សាយ។
កាលនៅវ័យកុមារ លោកបានស្គាល់នូវសេចក្តីលំបាកគ្រប់បែបយ៉ាង ដូចជីវភាពជាកូនកសិករក្រីក្រទូទៅដែរ គឺលោកបានឃ្វាល គោ រកអុស ។ រហូតដល់ឆ្នាំ១៩១០ ពេលលោកគ្រូអាចារ្យហែម ចៀវ មានអាយុ១២ឆ្នាំ ទើបមេឃុំដំបូលមានលក្ខណ៍ ជាឪពុកនាំយកទៅឲ្យធ្វើជាកូនសិក្ខរបស់ព្រះសង្ឃសត្ថា ជួន ណាត វត្តឧណ្ណាលោម ក្រុងភ្នំពេញ ដែលធ្លាប់ជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា ។

កុមារហែម ចៀវ ជាក្មេងមានសីលធម៌ល្អប្លែកជាងក្មេងដទៃៗទៀត មានសំដីវោហារព្រោកប្រាជ្ញពូកែជាងកុមារឯទៀតៗទាំងអស់ និងមានអាកប្បកិរិយាសមរម្យគួរឲ្យអ្នកផងស្រឡាញ់ពេញចិត្ត និងបានព្យាយាមយ៉ាងខ្ជាប់ខ្ជួនក្នុងការរៀនអក្សរសាស្ត្រពីសំណាក់ព្រះគ្រូសង្ឃសត្ថាជួន ណាត នៅវត្តឧណ្ណាលោមនោះ តាំងពីដំបូងមក ។
កុមារ ហែម ចៀវ ព្យាយាមរៀនសូត្រដោយគ្មានការធ្វេសប្រហែសឡើយ គឺខិតខំរៀនមិនថាយប់មិនថាថ្ងៃ ព្រោះចាំបណ្ដាំឪពុក នៅពេលនាំយកមកឲ្យស្នាក់នៅរៀនសូត្រជាមួយព្រះគ្រូសង្ឃសត្ថាជួន ណាត នោះថា ៖ ចៀវ! កូនប្រុសសំលាញ់ឪពុក ឪពុកគ្មានអ្វីចែកឲ្យកូនទេ គឺមានតែវិជ្ជានេះហើយ ដែលឯងអាចយឹតយោងគ្រួសារយើងឲ្យខ្ពង់ខ្ពស់បាន ។ មនុស្សល្ងង់គេមើលងាយណាស់កូន! បើកូនចេះ ឪពុកក៏ចេះដែរ! កូននៅភ្នំពេញ ត្រូវខំរៀនឡើង! កុំឈ្លោះប្រកែកគ្នាណា! ខុសត្រូវម្តេចម្តាត្រូវចេះអត់ធ្មត់ ទើបប្រសើរ ព្រោះយើងជាកូនកំសត់ដើរស្វែងរកវិជ្ជាដូចគ្នា ។ ដូច្នេះ ត្រូវចេះស្រលាញ់គ្នា ទើបអ្នកផងសរសើរ ចូរកូនចាំសុភាសិតបុរាណមួយឃ្លាថា៖ «នៅផ្ទះម្តាយទី ទៃទៅព្រៃម្តាយជាមួយ» ។
លោកគ្រូព្រះសង្ឃសត្ថាអង្គនេះ ជាអ្នកប្រាជ្ញចេះដឹងជ្រៅជ្រះ បានជាឪពុកនាំកូនឯងមកឲ្យនៅនឹងលោក កូនឯងត្រូវយកចិត្តទុកដាក់ខំរៀនសូត្រឲ្យមែនទែន ។


កុមារ ហែម ចៀវ តមទៅឪពុកថា បាទពុក! កូននឹងគោរពតាមសំដីពុកលុះថ្ងៃស្លាប់! សូមពុកកុំព្រួយបារម្ភឲ្យសោះ!។
ឪពុកបន្តថា ល្អហើយកូនប្រុសពុក! ឯងជាតំណឈាមរបស់ពុកហើយ ពុកសង្ឃឹមលើឯងគ្រប់ដប់!។
ពាក្យនេះធ្វើឲ្យកុមារ ចៀវ ចងចាំទុកក្នុងបេះដូងឥតមានថ្ងៃភ្លេច ។
លុះមកដល់វ័យ១៦ឆ្នាំ លោកគ្រូ ហែម ចៀវ ក៏បានបួសជាសាមណេរ សិក្សាធម៌អាថ៌នៅក្នុងវត្តឧណ្ណាលោមនោះ រហូតដល់ព្រះជន្ម២០វស្សា ក៏បានបំពេញឧបសម្បទាជាភិក្ខុ នៅវត្តលង្កា ដោយមានព្រះមហាវិមលធម្មថោង ជាចាងហ្វាងសាលាបាលីជាន់ខ្ពស់ដំបូងគេបង្អស់ ជាឧបជ្ឈា និងព្រះគ្រូបវរវិជ្ជាល្វី ឯម និងព្រះគ្រូសង្ឃសត្ថា ជួន ណាត ជាគ្រូសូត្រ។ ក្រោយពីបំពេញឧបសម្បទាជាភិក្ខុហើយ ព្រះអង្គក៏បានប្រឡងជាប់បានចូលរៀនសាលាបាលីជាន់ខ្ពស់។
បន្ទាប់ពីបានសិក្សានៅសាលាបាលីជាន់ខ្ពស់រយៈពេល៧ឆ្នាំមក ព្រះអង្គក៏ប្រឡងជាប់សញ្ញាបត្រឌីប្លូមសាលាបាលីជាន់ខ្ពស់នោះ ក្នុងលំដាប់លេខ៦។


នៅក្នុងឆ្នាំ១៩២៧ លោករ៉េស្យូម ជាទេសាភិបាលបារាំង ប្រចាំខេត្តកំពត បានទៅពឹងព្រះមេគណខេត្ត ដែលគង់នៅវត្តអង្គសុភី (ហៅវត្តកន្ថោ) នៅស្រុកកំពង់ត្រាច ឲ្យមកជួយបង្រៀនអក្សរសាស្ត្រខ្មែរនៅខេត្តកំពត។ ពេលនោះ ព្រះអង្គមេគណខេត្តដែលជាចៅអធិការវត្តអង្គសុភី ហៅវត្តកន្ថោ ក៏បាននិមន្តទៅពឹងព្រះគ្រូសង្ឃសត្ថា ជួន ណាត ដែលគង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ឲ្យជួយរកឲ្យ។ ព្រះគ្រូសង្ឃសត្ថា ក៏បានចាត់លោកគ្រូអាចារ្យហែម ចៀវ ឲ្យទៅបង្រៀនព្រះសង្ឃនៅវត្តក្រាំងដួង ស្រុកបន្ទាយមាស និងវត្តអង្គសុភី ស្រុកកំពង់ត្រាច នោះអស់រយៈពេល៦ឆ្នាំ ទើបវិលត្រលប់មកភ្នំពេញ វិញ និងបានប្រឡងជាប់ជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ នៅក្នុងឆ្នាំ១៩៣២។


ក្រោយពីកាសែតនគរវត្ត ចេញផ្សាយជាភាសាខ្មែរ លើកដំបូងបង្អស់ក្នុងឆ្នាំ១៩៣៦ មក លោកគ្រូអាចារ្យហែម ចៀវ ក៏បានប្រាស្រ័យទាក់ទងជាមួយសឹង ង៉ុកថាញ់ , ប៉ាច ឈឺន និងស៊ឹម វ៉ា ជាស្ថានិកកាសែតនោះ និងរួមចំណែកក្នុងការទេសនាបំផុសឲ្យខ្មែរ ឲ្យភ្ញាក់រឭកឈប់ទាស់ទែងគ្នា និងឲ្យមានមនសិការតស៊ូប្រឆាំងនឹងពួកអាណានិគមបារាំង ដើម្បីឯករាជ្យជាតិ ។ រហូតដល់ថ្ងៃ១៧ ខែកក្កដា ឆ្នាំ១៩៤២ ក៏ត្រូវបារាំង ចាប់ខ្លួនតែម្តង៕