ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖

ក្រោយពេលលោកសេនាប្រមុខប៉េតាំង នាយករដ្ឋមន្ត្រីបារាំង សម្រេចបន្ធូរបន្ថយទោស ពីការប្រហាជីវិតឲ្យមកនៅត្រឹមជាប់គុកអស់មួយជីវិតវិញ នៅក្នុងខែមិថុនា ឆ្នាំ១៩៤៣ លោកគ្រូអាចារ្យហែម ចៀវ នួន ឌួង និង ប៉ាច ឈឺន ត្រូវអាជ្ញាធរបារាំង បញ្ជូនចេញពីគុកធំនៅក្រុងនគរ យកទៅដាក់គុកកោះត្រឡាច ដែលបារាំងហៅថា កោះគុកពូឡូកុងឌ័រ (Poulo Condore) និងវៀតណាម ហៅថា កោះកុងសុង (Con son) ។


គុកកោះត្រឡាចនេះ ត្រូវបានអាជ្ញាធរបារាំងបង្កើតឡើងចាប់តាំងពីឆ្នាំ១៨៦១ មកម្ល៉េះ។ អ្នកទោសនយោបាយខ្មែរទាំង៣នាក់នេះ ត្រូវបានគេយកទៅដាក់នៅក្នុងអគារលេខ៤ ដែលជាអគារដាក់អ្នកទោសឧក្រិដ្ឋ ដោយមិនអនុញ្ញាតឲ្យអ្នកទោសផ្សេងៗទៀត ចូលសួរសុខទុក្ខឡើយ។ ដូច្នេះហើយ ទើបបានជារយៈពេលប្រហែលមួយខែក្រោយមក ទើបប៊ុណ្ណ ចន្ទម៉ុល ដឹងថា លោកគ្រូអាចារ្យហែម ចៀវ នួន ឌួង និងប៉ាច ឈឺន ត្រូវគេបញ្ជូនទៅដាក់គុកនៅទីនោះដែរ។

អ្នកទោសនៅគុកកោះត្រឡាច

ប៉ុន្តែបើទោះបីមិនមានលទ្ធភាពទៅជួប សួរសុខទុក្ខលោកទាំង៣ដោយផ្ទាល់ ក៏ពិតមែន ក៏ប៊ុណ្ណ ចន្ទ ម៉ុល បានដឹងសុខទុក្ខពីលោកទាំង៣តាមរយៈអ្នកទោសផ្សេងៗទៀតដែលគេបញ្ជូនទៅធ្វើការនៅទីនោះ ខ្លះៗដែរ ហើយប៊ុណ្ណ ចន្ទម៉ុល ក៏បានលួចផ្ញើម្ហូបចំណីបន្តិចបន្តូចទៅឲ្យលោកទាំង៣ ម្តងម្កាលដែរ ព្រោះប៊ុណ្ណ ចន្ទម៉ុល មានទោសស្រាលជាងលោកទាំង៣ ត្រូវគេបញ្ចេញឲ្យដើរធ្វើពាសពេញលើដីកោះទាំងមូល អាចរកសត្វព្រៃ ឬសត្វសមុទ្រមកធ្វើជាម្ហូបអាហារបានខ្លះដែរ។

ផាំ វ៉ាន់ដុង អ្នកទោសនៅគុកកោះត្រឡាច ក្រោយមានក្លាយជានាយករដ្ឋមន្រ្តី វៀតណាម

អ្នកទោសវៀតណាម ដែលមានទោសឧក្រិដ្ឋ ត្រូវគេបញ្ជូនទៅដាក់គុក កោះត្រឡាចមុននេះទៅទៀតនោះ ភាគច្រើន គឺពួកមេដឹកនាំចលនាតស៊ូវៀតមិញ ដែលជាអ្នកប្រឆាំងបារាំងយ៉ាងប្តូរផ្តាច់បំផុត។ ក្នុងនោះមានតុង ឌឹកថាំង និងផាំ វ៉ាន់ដុង ព្រមទាំងអ្នកផ្សេងៗទៀត ដែលក្រោយមកបានឡើងជាមេដឹកនាំរបបសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ជាប់គុកនៅអគារលេខ៤នោះដែរ។

តុង ឌឹកថាំង  ( ចាប់ដៃជាមួយ ហូ ជីមិញ )  អ្នកទោសនៅគុកកោះត្រឡាច  ក្រោយមកក្លាយជាប្រធានាបតីវៀតណាម

នៅទីនោះ អ្នកទោសនយោបាយវៀតណាម ដែលជាពួកតស៊ូវៀតមិញ បានពង្រឹងសាមគ្គីភាព និងជួយអប់រំគោលជំហអ្នកទោសនយោបាយឯទៀត ហើយពួកគេតែងតែជួយឈឺឆ្អាល និងជួយយកអាសារអ្នកទោសខ្មែរជានិច្ច។
ប៊ុណ្ណ ចន្ទម៉ុលបា នធ្វើការកត់សម្គាល់ថា ជាអ្នកទោសនយោបាយដែលជាពួកមេដឹកនាំចលនាតស៊ូវៀតមិញ នោះ ព្យាយាមបង្ហាត់បង្រៀនភាសាអង់គ្លេស ឬបារាំង ឲ្យពួកគេជាក្រុមៗ ដោយយកកំបោរស សរសេរលើកម្រាលឥដ្ឋ ដែលជាកន្លែងពួកគេដេកនោះតែម្តង និងអប់រំសតិអារម្មណ៍ពួកគេ មិនឲ្យអស់សង្ឃឹមក្នុងការតស៊ូ ដើម្បីដណ្តើមឯករាជ្យពីពួកបារាំង ឡើយ។

តុង ឌឹកថាំង ដើរទន្ទឹម សម្តេចសីហនុ និង ផាំ វ៉ាន់ដុង ដើរទន្ទឹមប៉ែន នុត ក្រោយរដ្ឋប្រហារ ឆ្នាំ១៩៧០

នៅលើគុកកោះត្រឡាចនោះ ពួកអ្នកទោសវៀតមិញមួយចំនួន ក៏ត្រូវគេយកទៅប្រហាជីវិតដែរ។ អ្នកទោសវៀតមិញ ដែលត្រូវគេយកចេញពីកន្លែងឃុំឃាំងទៅប្រហារជីវិតនោះ គឺនៅវេលាម៉ោង៥ភ្លឺស្រាងៗ។ ពេលពួកឆ្មាំគុកបណ្តើរចេញទៅ ពួកគេតែងតែស្រែកលា និងផ្តាំផ្ញើពួកគេដែលនៅកន្លែងឃុំឃាំងទាំងប៉ុន្មាននោះ ឲ្យខំប្រឹងតស៊ូបន្តទៀត ដោយកុំតក់ស្លុតនឹងសេចក្តីស្លាប់ឲ្យសោះ ហើយមិត្តភក្តិគេក៏នាំគ្នាក្រោកឈរតាមចម្រឹងទ្វារបន្ទប់ឃុំឃាំងស្រែកច្រៀងចម្រៀងបដិវត្តន៍ និងស្រែកខ្លាំងៗនិងព្រមៗគ្នាថា “ជយោ ! អ៊ុហូៗៗៗ” រហូតដល់អ្នកទោសត្រូវគេយកទៅប្រហាជីវិតនោះ ត្រូវឆ្មាំនាំទៅផុតឆ្ងាយពីបន្ទប់ឃុំឃាំង៕

មន្រ្តីបារាំង និងអ្នកទោសនៅឥណ្ឌូចិន ដែលត្រូវកាត់ក្បាល