ភ្នំពេញ៖ក្រុមហ៊ុនមិត្ដហ្វូន និងសម្ព័ន្ធ Viettel Group បានរៀបចំព្រឹត្ដិការណ៍ប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីការប្រកួតភាពច្នៃប្រឌិតដំណោះស្រាយកំរិតខ្ពស់អន្តរជាតិ ឬ Viettel Advanced Solution Track 2019 ក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៥សីហា នៅសណ្ឋាគារសុខា។
កម្មវិធីនេះមានការចូលរួមពីឯកឧត្ដម សង់ ស៊ីណាវ៉ុង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ និងទូរគមនាគមន៍ លោក Nguyen Manh Dzung នាយកប្រតិបត្ដិនៃក្រុមហ៊ុនផ្សព្វផ្សាយ CyberAgent ក្នុងប្រទេសវៀតណាម និងថៃ លោក Michael McCarthy សាស្ដ្រាចារ្យសាកលវិទ្យាល័យ Harvard Extension School និងលោក Gene Soo សហស្ថាបនិក StartupsHK។
វគ្គផ្ដាច់ព្រ័ត្រគឺជាការប្រកួតរវាងក្រុមឆ្នើមចំនួន ១០ ដែលត្រូវបានសម្រាំងចេញពីបេក្ខភាពជាង ២០០ ដើម្បីដណ្ដើមជ័យលាភីចំណាត់ថ្នាក់ពី ១ ដល់ ៣ ជាមួយប្រាក់រង្វាន់សរុបជាង ៧៥០០ ដុល្លារ។ ពានដ៏គួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ក្រុមម្ចាស់ជ័យលាភីទាំង ៣ គឺការកក់កៅអីទៅចូលរួមប្រកួតវគ្គចុងក្រោយនៃព្រឹត្ដិការណ៍ VietChallenge នៅសហរដ្ឋអាមេរិក ដែលត្រូវបានឧបត្ថម្ភទាំងស្រុងដោយសម្ព័ន្ធ Viettel Group និងមានឱកាសឈ្នះប្រាក់រង្វាន់ ៥ ម៉ឺនដុល្លារ ព្រមទាំងត្រូវបានទទួលយកនូវគំនិតវិនិយោគរបស់ពួកគេដោយក្រុមហ៊ុន American Funds លើការបង្កើត StartUps ថ្មីផងដែរ។
LaundryKH គឺជាក្រុមតំណាងពីកម្ពុជាតែមួយគត់ដែលបានចូលរួមការប្រកួតនេះក្នុងចំណោមក្រុមឆ្នើមទាំង ៩ ផ្សេងទៀត។ គំនិតផ្ដួចផ្ដើមក្នុងការប្រកួតរបស់ពួកគេផ្ដោតទៅលើ ទូរគមនាគមន៍ អប់រំ ឧបករណ៍ផ្សារភ្ជាប់បច្ចេកវិទ្យាអ៊ីនធឺណិត (IoT) ពាណិជ្ជកម្មអេឡិចត្រូនិក និងឡូជីស្ទីក ដែលរួមមាន Graam, VVN, Appa, Vuihoc, MultiGlass, TiMobile, Ipfication និង Innova Solutions។
ក្រៅពីក្រុមឆ្នើមទាំង ១០ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ អ្នករៀបចំព្រឹត្ដិការណ៍ VAS Track កំពុងដំណើរការចុះកិច្ចសន្យាលើគំនិតវិនិយោគសក្ដានុពលជាង ២០ ទៀតក្នុងល័ក្ខខណ្ឌចែករំលែកប្រាក់ចំណេញពី ៤៥ រហូតដល់ ៧៥ ភាគរយសម្រាប់ឆ្នាំ២០១៩នេះ។
លោក Phung Van Cuong នាយកប្រតិបត្ដិក្រុមហ៊ុនមិត្ដហ្វូន បានមានប្រសាសន៍ថា៖ «ព្រឹត្ដិការណ៍ VAS Track ឆ្នាំ២០១៩ នេះ គឺជាការប្រកួតអន្ដរជាតិដ៏ធំមួយដែលប្រមូលផ្ដុំនូវគំនិតបច្ចេកវិទ្យាល្អៗបំផុតក្នុងពិភពលោក។ មិត្ដហ្វូន កំពុងស្វែងរកឱកាសសហការជាមួយ StartUps នានាក្នុងព្រះរាជាណាចក្រកម្ពុជា និងបណ្ដាលប្រទេសដទៃជុំវិញពិភពលោក ដោយសារមិត្ដហ្វូន កំណត់ខ្លួនឯងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ឈានមុខ ដែលតែងតែបើកទ្វារទទួលយកគំនិតថ្មីៗ និងអនុវត្ដវាជាក់ស្ដែង។ យើងចង់រួមចំណែកអភិវឌ្ឍសង្គមឌីជីថលក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត»។
ក្រោមពាក្យស្លោក «បង្កើតការពិតថ្មីមួយ» ការប្រកួតនេះគឺជាឱកាសដ៏យុត្ដិធម៌សម្រាប់ StartUps ជាតិ និងអន្ដរជាតិជាមួយការព្យាយាមស្វែងរកដំណោះស្រាយដ៏ឈ្លាសវៃក្នុងវិស័យទូរគមនាគមន៍ដើម្បីបង្កើតផលិតផល និងសេវាកម្មប្រើប្រាស់នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ការប្រកួតនេះក៏ជាការជឿជាក់យ៉ាងមុតមាំរបស់មិត្ដហ្វូន ក្នុងការគាំទ្រ StartUps នៅកម្ពុជា និងជុំវិញពិភពលោក។
សម្រាប់ព័ត៌មានលម្អិតអំពីព្រឹត្ដិការណ៍ការប្រកួតភាពច្នៃប្រឌិតដំណោះស្រាយកំរិតខ្ពស់អន្តរជាតិ ឬ Viettel Advanced Solution Track ឆ្នាំ២០១៩ សុំចូលទៅកាន់វេបសាយ http://vas.viettel.vn./។