ត្បូងឃ្មុំ៖ រថយន្តកុងទីន័រមួយគ្រឿង បានក្រឡាប់ផ្ញារជើងក្រញ៉ាង ធ្លាក់ទូកុងទីន័រទទឺងផ្លូវ បង្កការកកស្ទះរថយន្តបន្តកន្ទុយគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិជើងខាង ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បើតាមប្រជាពលរដ្ឋនៅទីនោះ បានឲ្យដឹងថា ហេតុការណ៍ខាងលើនេះកើតឡើង តាំងពីវេលាម៉ោង១២យប់ ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ។ ហើយរហូតមកដល់ វេលាម៉ោង ៨:៤០ នាទីព្រឹក ថ្ងៃ១៤សីហា ដដែលនេះ ទើបស្ទូចរថយន្តនោះ ចេញពីកន្លែងកើតហេតុ ហើយចរាចរណ៍បានជាធម្មតាវិញ។

លោកវរៈសេនីយ៍ គង់ ស៊ីហុង អធិការ រង នគរបាលចរាចរណ៍ ស្រុកត្បូងឃ្មុំ បានឱ្យដឹងថា បើតាមការបំភ្លឺពី ម្ចាស់រថយន្ត ម៉ាក វេ អង V1ពាក់ស្លាកលេខភ្នំពេញ 3E -4780 មួយគ្រឿង បានប្រាប់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពី តៃកុងរថយន្ត ចាំងពន្លឺ រថយន្តផ្សេងទៀត ដែលមកពីមុខ រួចក៏ វេ ចង្កូត ហើយ បួង ចង្កូតមកវិញ ក៏ ក្រឡាប់ តែម្តង ។ ហើយករណីនេះដែរ មិនបង្ក របួសនិង គ្រោះថ្នាក់ដល់ជីវិត មនុស្សនោះទេ ហើយក៏មិនបង្ក ការខូចខាត ដល់ អ្នកដទៃដែរ។

បច្ចុប្បន្ន រថយន្ត រងគ្រោះខាងលើ បានខូចខាតកម្រិតធ្ងន់ ត្រូវបាន សមត្ថកិច្ចជំនាញ ហៅរថយន្តស្ទូច ដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីសួរនាំអ្នកបើកបរ និងពិនិត្យឯកសារ ទាក់ទងនឹងយានយន្តរងគ្រោះថែមទៀត៕