រាជធានីភ្នំពេញ ៖ នារសៀលទី១៣ សីហា ២០១៩នេះ លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្មួយប្រុសឈ្មោះ អ៊ីស្មាអែល ពិនឧស្ម័ន សម្រេចដាក់ពន្ធនាគារម្នាក់១៥ឆ្នាំ និងបង្គាប់ឲ្យជនជាប់ចោទទាំង ២នាក់សងជំងឺចិត្តទៅជនរងគ្រោះចំនួន ២០០លានរៀល ពីបទការនាំចេញដោយមិនស្របច្បាប់ សម្រាប់ការឆ្លងដែន តាមមាត្រា១១ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៤ ។
តុលាការបានអនុវត្តតាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដោយបានសម្រេចបញ្ជូនលោក អះម៉ាត់ យ៉ះយ៉ា ទៅឃុំខ្លួនក្នុងពន្ធនាគារភ្លាមៗផងដែរ ក្រោយពេលលោកបានចូលរួមសវនាការ ដោយតុលាការបានចេញដីកា បង្គាប់ឲ្យនគរបាលចាប់ខ្លួនលោក អះម៉ាត់ យ៉ះយ៉ា ភ្លាមៗ តែម្តងនៅក្នុងបរិវេនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តទោសនៅក្នុងពន្ធនាគារ ។
លោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុស ត្រូវបានចោទប្រកាន់ថា ពាក់ព័ន្ធនឹងការបញ្ជូនស្ត្រី ដោយខុសច្បាប់ទៅធ្វើការនៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត ដែលកន្លងមកលោកបដិសេធថា នោះគឺជារឿងដែលគេប្រឌិតឡើង ដើម្បីចាប់ខ្លួនលោកប៉ុណ្ណោះ ។
សូមរម្លឹកថា ក្មួយបង្កើតលោក អះម៉ាត់ យ៉ះយ៉ា ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាប់ខ្លួនពាក់ព័ន្ធករណីនាំពលករទៅធ្វើការខុសច្បាប់ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ ។
មន្ដ្រីនគរបាលប្រឆាំងការជួញដូរមនុស្ស បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ីស្មាអែល ពិនឧស្ម័ន អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរធ្វើស្លាកលេខរថយន្ត ទីកន្លែងកំណើត ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ៣៦H ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
មន្ដ្រីនគរបាលបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០០៤ ជនសង្ស័យខាងលើបានឃោសនាក្នុងភូមិថា ឈ្មោះ អះម៉ាត់ យ៉ះយ៉ា ត្រូវជាពូរបស់ខ្លួន ត្រូវការជ្រើសរើសពលការិនីបញ្ជូន ទៅធ្វើការជាជំនួយការមេផ្ទះ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ប្រាក់ឈ្នួល២២០ដុល្លារអាមេរិច កិច្ចសន្យាការងាររយៈពេល២ឆ្នាំ ចំពោះឯកសារបែបបទ លិខិតឆ្លងដែន និងសោហ៊ុយធ្វើដំណើរ ឈ្មោះ អះម៉ាត់ យ៉ះយ៉ា ជាអ្នកចំណាយ ។
បន្ទាប់មកបានអូសទាញពលរដ្ឋក្នុងភូមិ២នាក់ ក្រោយមកបានចំនួន២០នាក់ទៀត ហើយនាំទៅប្រគល់ឲ្យលោក អះម៉ាត់ យ៉ះយ៉ា ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ពេលនោះជនរងគ្រោះត្រូវបានលោក អះម៉ាត់ យ៉ះយ៉ា ក្លែងអត្តសញ្ញាណដោយប្រើឯកសារ ហើយបានបញ្ជូនទៅធ្វើជាស្ត្រីបម្រើតាមផ្ទះ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ។
នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ជនរងគ្រោះត្រូវបានថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម បិទសិទ្ធសេរីភាព ហើយត្រូវបានគេលក់ទៅថៅកែជាម្ចាស់ទី១ ទៅថៅកែទី២ ក្នុងតម្លៃ២០,០០០ដុល្លារ ឲ្យធ្វើការងារផ្ទះ ហើយរងការរំលោភផ្លូវភេទ និងមិនទទួលបានប្រាក់ឈ្នួលតាំងពីពេលបញ្ជូនទៅ រហូតដល់អំឡុងខែសីហា ឆ្នាំ២០១៧ ។
មន្ដ្រីនគរបាលប្រឆាំងការជួញដូរមនុស្ស បន្ថែមថា ជនរងគ្រោះទាំងអស់ទើបតែសង្គ្រោះបានចំនួន២នាក់ប៉ុណ្ណោះ ដោយមានការអន្តរាគមន៍ពី លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការក្រសួងការងារ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សង្គ្រោះមកកម្ពុជាវិញ ។
សូមជម្រាបថា ជនសង្ស័យ អ៊ីស្មាអែល ពិនឧស្ម័ន ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាប់ខ្លួនតាមពាក្យបណ្តឹង របស់ម្តាយជនរងគ្រោះ ហើយត្រូវនគរបាលចាប់ខ្លួនបានកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ខណៈជនសង្ស័យកំពុងធ្វើដំណើរនៅក្នុងភូមិសាស្ត្រ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធាភ្នំពេញ និងដកហូតបានវត្ថុតាងមួយចំនួន ៕