ខេត្តកំពត ៖ តូប​លក់ដូរ​របស់​អាជីវករ​សរុប​ចំនួន​១៨៧​តូប ក្នុង​នោះ​ឆេះ​អស់ទាំង​ស្រុង​ចំនួន​១៤៧​តូប ដោយសារ​អគ្គិភ័យ​ឆាបឆេះ​ផ្សារ​សាមគ្គី​ត្រពាំងរ​ពៅ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ពន្លត់​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​៥​គ្រឿង ប្រើ​ទឹក​សរុប​៣៥​រថយន្ត ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៩ ក្នុងភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ដែល​ជា​ព្រំប្រទល់​រវាង​ខេត្តកំពត និង​ខេត្ត​ព្រះ​សីហ​នុ ។

តាម​ការ​ប្រាប់​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​ថា ករណី​អគ្គិភ័យ​កើតឡើង​នៅ​ផ្សារ​ត្រពាំងរ​ពៅ បាន​បណ្តាល​ឲ្យ​ខូចខាត​តូប​លក់ដូរ​អស់​ប្រមាណ​៨០​ភាគរយ ប៉ុន្តែ​តម្លៃ នៃ​ការ​ខូចខាត​ក្នុង​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​មិន​ទាន់​អាច​ប៉ាន់​ប្រមាណ​បាន​នៅឡើយ​ទេ ព្រោះ​ក្រៅពី​តូប​លក់ដូរ​ទាំងនោះ ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក៏​ត្រូវ​បាន​បំផ្លាញ​ដោយ​អំណាច​នៃ​អណ្តាតភ្លើង​នោះ​ដែរ ។

ករណី​អគ្គិភ័យ​កើតឡើង​នៅ​ផ្សារ​សាមគ្គី​ត្រពាំងរ​ពៅ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រាំ​គ្រឿង​បាន​ចុះ​អន្តរាគមន៍ ដោយ​បី​គ្រឿង​ជា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត និង​ពីរ​គ្រឿង​ទៀត​មក​ពី​អធិការដ្ឋាន​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ដោយ​ប្រើប្រាស់​ទឹក​អស់​៣៥​ស៊ីទែន ទើប​ភ្លើង​បាន​រលត់​នៅ​រយៈពេល​ប្រហែល​បី​ម៉ោង​ក្រោយមក ។

សមត្ថកិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង​ថា អាច​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ព្រោះ​ខណៈ​ពេល​ចាប់ផ្តើម​ឆេះ​នោះ​មិន​មាន​អ្នក​ណា​នៅ​ក្នុង​ផ្សារ​ទេ ។ ប៉ុន្តែ​ជំនាញ​នឹង​ស្រាវជ្រាវ​បន្ត​ទៀត ។ ទោះជា​យ៉ាងណា​ក្នុង​ហេតុការណ៍​នោះ​មិន​បាន​បណ្តាល​ឱ្យ​នរណា​ម្នាក់​រង​គ្រោះ​ទេ ៕