ព្រៃវែង៖ ប្រជាកសិករចំនួន២៣ គ្រួសារ រស់នៅក្នុងភូមិស្រះកែរ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ដែលប្រកបរបរបណ្តុះផ្សិតលក់ បានផ្អាកដំណើរការដាំដុះ អស់រយៈពេលច្រើនខែមកហើយ ដោយសារបញ្ហាពូជ និងបច្ចេកទេស ធ្វើឲ្យពួកគាត់ខាតបង់ទឹកប្រាក់ក្នុងគ្រួសារ យ៉ាងច្រើន ក្នុងមួយរដូវៗ។

លោកស្រី ជា សាបាន ប្រធានសហគមន៍ ប៉ាឌី(PADEE) បានប្រាប់ឲ្យដឹងថា មូលហេតុដែលធ្វើឲ្យក្រុមសហគមន៍របស់គាត់ បោះបង់មុខរបរបណ្តុះផ្សិតនេះចោល គឺដោយសារតែ ផ្សិតដាំដុះមិនសូវបានល្អ ហើយការនាំយកមេផ្សិតមកពីខេត្តផ្សេងៗ រួមទាំងនាំចូលពីប្រទេសថៃផង នៅតែដាំមិនសូវបានដុះល្អ ដូចមុនៗឡើយ។ រីឯការដាំដុះវីញ គឺធ្វើទៅតាមការណែនាំបង្ហាត់បង្ហាញ និងបង្ហាត់បង្រៀន ពីមន្ត្រីជំនាញអស់ហើយ តែនៅតែបរាជ័យ ទើបពួកគាត់ទាំង២៣គ្រួសារ សម្រេចបោះបង់ មុខរបរមួយនេះចោល កាលពីដើមខែឧសភា ឆ្នាំ ២០១៩។

លោកស្រី បន្ថែមថា ក្រោយពីបោះបង់មុខរបរបណ្តុះនេះចោល រហូតមកដល់ពេលនេះ សមាជិកខ្លះ បានចាកចេញពីលំនៅឋា ទៅរកការងារថ្មី ខ្លះទៀតទៅធ្វើសំណង់នៅភ្នំពេញ ខ្លះធ្វើស្រែចំការវិញ បើទោះបីជាដឹងថា តម្លៃស្រូវលក់ចេញ និងមិនសូវបានចំណេញដូចរបរដាំផ្សិតនេះក៍ដោយ ព្រោះពួកគាត់មិនមានចំណេះវិជ្ជា ក្រៅពីរបរទាំងនេះទេ។

ឆ្លើយតបទៅនឹងបញ្ហានេះ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានអោយដឹងតាមទូរសព្ទ័ កាលពីរសៀលថ្ងៃទី១៨កក្តដា ថា បងប្អូនប្រជាកសិករ នៅភូមិស្រះកែវ ខាងលើនេះ មិនមែនបោះបង់មុខរបរបណ្តុះផ្សិតនេះចោលទេ គឺគ្រាន់តែពួកគាត់ផ្អាកធ្វើមុខរបរនេះ មួយរយៈប៉ុណ្ណោះ ដោយ សារអត់មានមេផ្សិត គួបផ្សំនឹងកត្តាមួយចំនួន ដូចជា ខ្វះចំបើង និងអាកាសធាតុមិនអំណោយផលជាដើម។

លោកបញ្ជាក់ថា បច្ចុប្បន្ននេះ ខាងមន្ទីរ ក៏កំពុងព្យាយាមស្វែងរកមេផ្សិត ជូនប្រជាកសិករទាំងនោះដែរ ប៉ុន្តែរកមិនទាន់បាន ដោយសារអ្នកផលិតមេផ្សិត នៅខេត្តត្បូងឃ្មុំ ដែលធ្លាប់ទិញកន្លងមក គេឈប់ផលិត ហើយបើធ្វើការផលិតខ្លួនឯង ក៏ទៅមិនរួចដែរ ព្រោះត្រូវចំណាយដើមទុនច្រើន ទៅលើឩបករណ៌ផលិត។ តែទោះជាយ៉ាងណាលោក បានបញ្ជាក់ថា នៅពេលដែលយើងរកមេពូជបាន នោះកសិករទាំងអស់នៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេចនេះ នឹងត្រឡប់មកចាប់ធ្វើមុខរបរបណ្តុះផ្សិតលក់នេះ វិញហើយ៕