​ភ្នំពេញ ៖ បុរស​កម្មករ​សំណង់​ម្នាក់ ដើរ​កាត់​បន្ទប់​ស្នាក់​នៅ ឃើញ​ស្ត្រី​ម្នាក់​កំពុង​ដេក​នៅ​លើ​គ្រែ​ភ្លេច​បិទទ្វារ​ក្នុង​បន្ទប់​ក្បែរ​ខាង ស្រាប់តែ​លបចូល​ទៅ​ចាប់រំលោភ​ដោយ​មិនដឹង​ថា ប្តី​របស់​គេ​កំពុង​ចូល​បន្ទប់ទឹក ស្រប​ពេល​នារី​រង​គ្រោះ ស្រែក​ឆោឡោ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង ចាប់​ក្របួច​ជនសង្ស័យ ប្រគល់​ឱ្យ​សមត្ថកិច្ច ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​ជនសង្ស័យ​មានឈ្មោះ ផា​ន រ៉​ន អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់ ។ ចំណែក​ស្ត្រី​រង​គ្រោះ​មាន​អាយុ​២៧​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ជាមួយ​គ្នា ។​

បើ​តាម​នារី​រង​គ្រោះ​បាន​រៀបរាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​នាង​កំពុង​នៅ​ក្នុង​បន្ទប់​២​នាក់​ប្តី លុះ​បន្តិច​ក្រោយ មក​ប្តី​របស់​នាង​បាន​ដើរ​ចូល​បន្ទប់ទឹក ចំណែក​នាង​ក៏​ប្រះ​ខ្លួន​ដេក​នៅ​លើ​គ្រែ​ក្នុង​បន្ទប់ ដោយ​មិន​បាន​បិទទ្វារ​នោះ​ទេ ស្រាប់តែ លេចមុខ​ជនសង្ស័យ​លបចូល​មក​ធ្វើ​សកម្មភាព​ចាប់​សម្រាត​ខោអាវ​នាង​ចេញ​ទាំង​កំរោល ប្រុង​រំលោភ នាង​ក៏​ស្រែក​ឆោឡោ​អោយ​ប្តី​ជួយ ហើយ​ភ្លាម​នោះ​ប្តី​របស់​នាង​បាន​ចេញពី​ក្នុង​បន្ទប់ទឹក​មក​ជួយ​ស្រែក​ឆោឡោ​ផ្អើល​ដល់​អ្នក​ជិតខាង ព័ទ្ធ​ចាប់​ជនសង្ស័យ រួច​ហើយ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​មក​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។​

​បុរស​កម្មករ​សំណង់ បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ប៉ុនប៉ង​រំលោភ ពិតមែន ព្រោះតែ​រូបគេ​ស្រវឹងស្រា​ខ្លាំង​ពេក លុះ​ពេល​ដើរ​កាត់មុខ​បន្ទប់ នារី​រង​គ្រោះ​ឃើញ​នាង​ដេក​ក្នុង​បន្ទប់ នឹក​ស្មានថា នាង​នៅ​តែ​ម្នាក់ឯង ក៏​ចូល​ទៅ​ធ្វើ​សកម្មភាព​ចាប់រំលោភ តាម​ពិត​ប្តី​របស់​នាង​ក៏​នៅ​ក្នុង​បន្ទប់​នោះ​ដែរ ។​

ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕