ប្រទេសថៃ៖ ទាហានថៃ ប្រទះឃើញការុងជាច្រើនយកទៅលាក់ទុកក្នុងរូងភ្នំជ្រៅក្នុងព្រៃមួយកន្លែងនៅតាមព្រំប្រទល់នៃស្រុកចាងដោ ខេត្តឈាងម៉ៃ ប្រទេសថៃ តែក្រោយពីបានបើកបង្ហាញរបស់ក្នុងការុងនោះ ធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង។
បន្ទាប់ពីស្រាយការុង ក្រុមល្បាតខាងលើ រកឃើញគ្រាប់ថ្នាំញៀនចំនួនជាង ៥លានគ្រាប់ និងប្រភេទទឹកកក ក្នុងការុងទម្ងន់ ១៨៥គីឡូក្រាមទៀត។ ទំនិញខុសច្បាប់ដ៏ច្រើនសម្បើមនេះត្រូវបានរកឃើញ នៅពេលដែលប៉ូលិសល្បាតព្រំដែន និងកងកម្លាំងយោធាមកពីបន្ទាយ Pha Muang ចុះស្រាវជ្រាវរកករណីរត់ពន្ធខុសច្បាប់តាមផ្លូវធំ និងតាមផ្លូវឆ្លងកាត់ព្រៃ ក្បែរព្រំដែនប្រទេសមីយ៉ាន់ម៉ា នៃតំបន់ Ping Khong នៃស្រុកចាងដោ កាលពីពេលថ្មីៗកន្លងទៅ។
កងកម្លាំងដែលដឹកនាំដោយលោកវរៈសេនីយ៍ទោ Dilok Arinpeng ប្រធានអង្គភាពកងកម្លាំងការពារព្រំដែនលេខ 335 បានទទួលព័ត៌មានថា មានករណីរត់ពន្ធខុសច្បាប់ ហើយរក្សាទុកនៅក្នុងព្រៃដែលមានបំណងចែកចាយដល់អតិថិជន លោកក៏ចុះធ្វើអន្តរាគមន៍រកទាល់តែឃើញ ប៉ុន្តែឈ្មួញទុច្ចរិតទាំងនោះ បានរត់គេចខ្លួនបាត់ស្រមោលចោលទំនេញរបស់ពួកគេ។
ក្នុងរូងភ្នំតូចមួយនៅក្នុងព្រៃចន្លោះ តំបន់ Bang Nong Tao និង Ban Thamkaeb សមត្ថកិច្ចបានរកឃើញការុងចំនួន ៥៤ ដែលផ្ទុកទៅដោយថ្នាំគ្រាប់ចំនួន ៥,៤លានគ្រាប់ ហើយ១០ការុងទៀតមានទម្ងន់១៨៥គីឡូក្រាមជាប្រភេទទឹកកក។ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា តំបន់ដែលថ្នាំនេះត្រូវបានរឹបអូស គឺនៅជិតមូលដ្ឋាននៃក្រុមជនជាតិភាគតិចភូមា ដែលធ្វើប្រតិបត្តិការរោងចក្រផលិតថ្នាំញៀន៕