ក្រចេះ ៖ ករណីប្រទះសាកសពយុវជនម្នាក់ ត្រូវបានគេដុតឆេះខ្លោច រួមជាមួយម៉ូតូ នៅក្នុងចម្ការកៅស៊ូមួយកន្លែង ក្បែរលំនៅដ្ឋានរបស់ខ្លួន លោកចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឲ្យដឹងនៅមុននេះបន្តិចថា ករណីនេះសង្ស័យជារឿងគំនុំ កើតឡើងក្នុងរង្វង់ម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែមិថុនា ក្នុងចម្ការកៅស៊ូ ស្ថិតនៅក្បែរភូមិដូនប៉ុក ក្នុងឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។
លោកអធិការ បានបញ្ជាក់ថា យុវជនរូបនេះ ឈ្មោះ ខុម សិទ្ធ អាយុ២៣ឆ្នាំ រស់ក្នុងភូមិកើតហេតុខាងលើ ជាមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀន និងធ្លាប់បែកថ្នាំផងដែរ ។
លោកអធិការ បានថ្លែងទៀតថា ស្ថិតនៅកន្លែងកើតហេតុ បានបន្សល់ទុកកំប៉ុងស្រាបៀរ និងប្រអប់សាច់ក្លែមមួយចំនួន ហើយនគរបាលកំពុងស្រាវជ្រាវរកមូលហេតុឱ្យច្បាស់ ជុំវិញករណីនេះ ។
បើតាមក្រុមគ្រួសារសព បានប្រាប់នគរបាលថា កាលពីព្រឹកថ្ងៃទី២៦ មិថុនា ជនរងគ្រោះបានសុំលុយអ្នកផ្ទះចំនួន២ពាន់រៀល ដើម្បីទៅកាប់អុសក្នុងព្រៃចម្ការកៅស៊ូ ហើយនៅពេលទៅនោះ ជនរងគ្រោះបានយកកាំបិតផ្គាក់ទៅជាមួយផង ។ ប៉ុន្តែជនរងគ្រោះបានចេញពីផ្ទះទៅបាត់មិនឃើញត្រឡប់មកវិញទេ ។ លុះដល់ពេលរសៀល មានក្រុមកម្មករចម្ការកៅស៊ូរាយការណ៍មកនគរបាលថា មានករណីមនុស្សឆេះស្លាប់ក្នុងព្រៃចម្ការកៅស៊ូ ។
ក្រោយពីឃើញសាកសពដុតឆេះខ្លោច មន្ត្រីនគរបាលក្នុងមូលដ្ឋាន បានមិន្តព្រះសង្ឃបំស្សុកូល នៅនឹងកន្លែងកើតហេតុតែម្តង ។ ទោះបែបណា ការប្រទះឃើញសពឆេះរួញក្រញង់ជាមួយនឹងម៉ូតូនេះ នគរបាលព្រហ្មទណ្ឌស្រុក នៅបន្តស្រាវជ្រាវនៅឡើយទេ ៕