ខេត្តស្ទឹងត្រែង ៖ បុរសវ័យចំណាស់ម្នាក់ បានបណ្តើរសត្វឆ្កែ១ក្បាលចូលចម្ការដើររក សត្វ ហើយពេលនោះ បានប្រទះឃើញពស់វែករនាមដ៏ធំ១ក្បាល ក៏ស្ទុះទៅចាប់ទាំងរស់គ្មានញញើត ដោយសំអាងថា ខ្លួនមានជំនាញធ្លាប់ចាប់ពស់មានពិសបានមិនតិចក្បាលទេ តែដឹងអី! ភ្លាត់ស្នៀត ត្រូវវែករនាមចឹកចំដៃ ធ្វើឱ្យជាតិពិសជ្រាបចូលក្នុងខ្លួនឈឺចុកចាប់រត់ទៅរកកូនចៅឱ្យជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ តែអកុសល បណ្តាលឲ្យស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម។


ហេតុការណ៍បុរសចំណាស់ដើរបាញ់ ត្រូវពស់វែងរនាមចឹកស្លាប់ បានកើតឡើង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចចម្ការរបស់ជនរងគ្រោះ ស្ថិតនៅចំណុចភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក។
ជនរងគ្រោះមានឈ្មោះសុខ ស៊ីន អាយុ៦៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។


ក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញទៅដើររកបាញ់សត្វនៅក្នុងចម្ការបស់ខ្លួនដូចសព្វដង ដោយបណ្តើរឆ្កែមួយក្បាលទៅជាមួយផង។ លុះពេលទៅដល់ក្នុងចម្ការ ក៏ឮសំឡេងឆ្កែព្រុសរន្ថើន ហើយពេលជនរងគ្រោះដើរទៅដល់ក៏ប្រទះឃើញសត្វពស់វែករនាម១ក្បាល កំពុងតែបើកវែក ។ ពេលនោះបុរសរងគ្រោះក៏ស្ទុះទៅចាប់ពស់ ដោយមិនខ្លាចញញើតអ្វីសោះ ព្រោះតែកន្លងមក ជនរងគ្រោះធ្លាប់ចាប់ពស់មានពិសបានជាច្រើនក្បាល ជាអកុសល ពេលចាប់ពស់វែករនាមនោះបានហើយ ទំនងជាជនរងគ្រោះភ្លាត់ស្នៀត ស្រាប់តែត្រូវសត្វពស់ បកក្បាលមកចឹក ជនរងគ្រោះចំដៃ ធ្វើឱ្យរងគ្រោះឈឺចុកចាប់យ៉ាងខ្លាំង និងប្រញាប់ដើរទៅរកកូនចៅនៅផ្ទះឱ្យជួយដឹកបញ្ជូនជនរងគ្រោះទៅកាន់មណ្ឌលសុខភាពកោះព្រះ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសង្គ្រោះ ប៉ុន្តែពេលបញ្ជូនទៅដល់គ្រូពេទ្យពិនិត្យរួច ក៏ប្រាប់ថា ពិសពស់បានជ្រាបពេញខ្លួនជនរងគ្រោះហើយ មិនអាចជួយសង្គ្រោះបានទេ។ បន្ទាប់មក ក្រុមគ្រួសារក៏បានដឹកជនរងគ្រោះត្រឡប់មកផ្ទះវិញ ហើយជនរងគ្រោះបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង ទើបក្រុមគ្រួសាររាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារពស់ មានពិសចឹកប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ។ សពជនរងគ្រោះ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកអាល័យជាពន់ពេក៕