ខេត្តប៉ៃលិន ៖ យុវជនម្នាក់ បាននិយាយលួងលោមល្បួងកូនក្រមុំគេ (ជាអនីតិជន) ចេញពីផ្ទះ យកទៅនែបនិត្យប្រាណចំនួន២លើក ធ្វើឲ្យបុរសជាឪពុកខាងស្រី ទ្រាំលែងបាន ក៏សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅស្នងការនគរបាលខេត្តប៉ៃលិន កាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនយុវជនកំហូចនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។


ក្មេងស្រីដែលត្រូវយុវជនកំហូចល្បួងនាំចេញពីផ្ទះ មានឈ្មោះសៀន វ៉ន អាយុ១៥ឆ្នាំ ជាអតីតសិស្សរៀនថ្នាក់ទី៦ មានឪពុកឈ្មោះ ជុំ ភក្តី អាយុ៣៥ឆ្នាំ ម្តាយឈ្មោះ ឆាត ឃឿន អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ ចំណែក យុវជនសង្ស័យឈ្មោះ ល័ក្ខ ហៅម៉ូន អាយុ២៥ឆ្នាំ រស់ៅក្រុងប៉ៃលិន ។
បុរសជាឪពុកក្មេងស្រីខាងលើ បានឲ្យដឹងថា កូនស្រីគាត់មិនខំប្រឹងប្រែងរៀនសូត្រទេ គឺចូលចិត្តដើរលេងជាមួយមិត្តភក្តិ រួចសុំគាត់ជាឪពុកឈប់រៀនតែម្តង ។ ក្រោយពីឈប់រៀនបានប្រហែល២ទៅ៣ខែ កូនស្រីគាត់ត្រូវយុវជនខាងលើ(ជនសង្ស័យ) និយាយលួងលោមសុំស្នេហ៍ ហើយបានល្បួងចេញពីផ្ទះ ដោយទៅស្នាក់នៅផ្ទះរបស់បុរសម្នាក់ឈ្មោះ ធៀម ឈិន អាយុ៦១ឆ្នាំ និងស្ត្រីឈ្មោះ ជុត តុត អាយុ៧៧ឆ្នាំ នៅភូមិបាណោក ឃុំតាលស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាអ៊ំរបស់យុវជនខាងលើ។ លុះនៅថ្ងៃទី០៥ មិថុនា ឆ្នាំ២០១៩ បុរស-ស្ត្រីខាងលើបាននាំយុវជនខាងលើ និងកូនស្រីគាត់ មកផ្ទះគាត់សុំធ្វើការសម្របសម្រួលស្តីដណ្តឹងកូនស្រីគាត់ និងសន្យាប្រគល់ប្រាក់ថ្លៃបណ្តាការ ចំនួន៣៧០០ដុល្លារ និងមាសចំនួន២.៥ជី ។


ប្រភពខាងលើបន្តថា ក្រោយមក ភាគីខាងជនសង្ស័យមិនគោរពសន្យារបស់ខ្លួនទេ ដោយគេនិយាយថា គេគ្មានលុយរៀបការទេ ចង់ប្តឹងទៅណាក៏ប្តឹងចុះ រួចយុវជនកំហូចនោះ បានល្បូងកូនស្រីគាត់ រត់ចេញពីផ្ទះជាលើទី២ បាត់រហូតមិនឃើញត្រឡប់មកផ្ទះវិញឡើយ ទើបគាត់ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
លោកអេង ភាវ នាយការិយាល័យជួញដូរមនុស្ស និងការពារអានីតិជន នៃស្នងការនគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងពីឪពុកក្មេងស្រីរងគ្រោះ លោកបានចាត់កម្លាំងជំនាញចុះទៅធ្វើការស្រាវជ្រាវបន្ថែមជាមុនសិន ទើបដឹងថា ត្រូវដោះស្រាយរឿងនេះ តាមវិធីណា៕