ភ្នំពេញ ៖  ក្រោយពីឃើញរូបថតលោកផ្កាយ៣ នន្ទ សុខា មានតួនាទីជាទីប្រឹក្សាសម្ដេចនាយករដ្ឋមន្រ្តី  និងទទួលបន្ទុកកាពារសន្ដិសុខចំពោះមន្រ្ដីជាន់ខ្ពស់ផ្សេងៗទៀត  បានថតស៊ែលហ្វីញញឹមស្រស់ចេញធ្មេញស្ញាញ ជាមួយថ្នាក់ដឹកនាំផ្សេងៗ នៅទីតាំងបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ ដែលបានឆក់យកជីវិតមនុស្ស២៨នាក់ និងរងរបួស២៦នាក់ ត្រូវបានបង្ហោះនៅលើហ្វេសប៊ុកព្រោងព្រាតនោះ  ស្រាប់តែកូនស្រីរបស់លោកនន្ទ សុខា  បានបង្ហោះសារលើហ្វេសប៊ុកថា  ប៉ារបស់នាង  ពេលនៅជាមួយប្រពន្ធកូន មិនសើចទេ មុខឲ្យក្រញូវ និងជេរដៀល  តែបើនៅជាមួយស្រីស្នេហ៍វិញ មុខប៉ានាងរីកដូចគ្រាប់ជីរត្រូវទឹក  ទើបធ្វើឲ្យគាត់ញញឹមសើច ភ្លេចខ្លួនថា គេកំពុងកាន់ទុក្ខគ្រប់គ្នា ។

យោងតាមគណនីហ្វេសប៊ុកនារីម្នាក់ ឈ្មោះ Ko Sol បានបង្ហោះសារ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ថា “លោកប៉ាខ្ញុំ ពេលនៅជាមួយពួកខ្ញុំ គាត់អត់សើចទេ មានតែទឹកមុខក្រញូវនឹងពាក្យជេរដៀលប៉ុណ្ណោះ ។ ពេលនៅជាមួយសហាយស្មន់វិញ មុខលោកប៉ាខ្ញុំរីកដូចគ្រាប់ជី លោកប៉ាខ្ញុំចេញពីផ្ទះ ឮថាសប្បាយរហូតហ្នឹង អ៊ីចឹងហើយ ទើបធ្វើឲ្យគាត់ញញឹមសើចភ្លេចខ្លួន គេកាន់ទុក្ខគ្រប់គ្នា លោកប៉ាខ្ញុំបែរជាប្រឹងថត សែលហ្វីជាមួយគេញញឹមគ្រប់ប៉ុស្ដិ៍ ។ កូនហួសចិត្តណាស់ ពេលឃើញទង្វើប៉ាបែបនេះ ។

បើពិនិត្យរូបថតទាំងនោះ លោកពូ លូ គឹមឈុន គាត់ញញឹមអត់ខុសទេ ព្រោះលោកប៉ាឋានៈផ្កាយបីអ្នកថតសែលហ្វី ហើយលោកប៉ាញញឹម នរណាមិនញញឹមតាម ហើយលោកប៉ានឹងគាត់ស្និទ្ធនឹងគ្នាទៀត ។ រូបថតប៉ុន្មានសន្លឹកនោះ ឃើញតែលោកប៉ាញញឹមរហូត មានតែប៉ុន្មានសន្លឹកថតជាមួយពួកកូនទេ ទើបលោកប៉ាមិនញញឹម ។ លោកប៉ាសប្បាយចិត្តនឹងទឹកភ្នែកប្រពន្ធកូនមិនឆ្អែតឆ្អន់ នៅទៅខំសើចសប្បាយចិត្តនឹងគំនរទុក្ខរបស់ជនរងគ្រោះទៀត ។ លោកប៉ាលួចមានស្រីហើយ នៅប្រើអំណាចតុលាការតាមធ្វើបាបអ្នកម៉ាក់របស់កូននឹងពួកកូនទៀត។ ប្ដឹងម៉ាក់រាប់ខែហើយ ម៉ាក់ចូលទៅបំភ្លឺច្រើនដងហើយ នៅអត់រលូនទៅមុខទៀត លោកប៉ាខ្ញុំសាហាវណាស់ សូម្បីខ្ញុំជាមនុស្សពិការហើយ ក៏លោកប៉ាខ្ញុំមិនលើកលែងដែរ នៅប្ដឹងទារចែកទ្រព្យដោយមិនចែកឲ្យខ្ញុំមួយរៀល លោកប៉ាខ្ញុំ ចង់ឲ្យពួកខ្ញុំដាច់បាយស្លាប់ហើយ ។ ដឹងហើយថា លោកប៉ាឋានៈធំ លោកប៉ាផ្កាយបី ហើយធ្វើជាទីព្រឹក្សារបស់សម្ដេចតេជោសែនទៀត តុលាការអត់ហ៊ានចាត់ការលោកប៉ាទេ ។ តែលោកប៉ាត្រូវចាំថា បាបកម្មគង់តែមាន លោកប៉ាមិនទទួលជាតិនេះ ជាតិក្រោយលោកប៉ាគង់តែទទួលទេ” ។

ដោយឡែក នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ហ្វេសប៊ុកដដែល បានសរសេរបង្ហោះទៀតថា “ រឿងលោកប៉ាខ្ញុំមានសហាយស្មន់ ធ្វើបាបម៉ាក់ខ្ញុំ ។ល។ ម៉ាក់ខ្ញុំធ្លាប់បង្ហោះយូរហើយ តែអត់មានអ្នកសារព័ត៌មានធំៗណាជួយផ្សាយឡើយ ។ ហើយធ្លាប់បង្ហោះចូល Page សម្ដេចពុកដែរ តែក្រោយមកស្រាប់តែប៉ាខ្ញុំឡើងឋានៈថែម ធ្វើឲ្យពួកខ្ញុំបាក់ទឹកចិត្តខ្លាំងណាស់ អ្នកម៉ាក់ខ្ញុំអត់មានលុយទេ មិនដឹងទៅពឹងនរណាឡើយ មានញាតិខ្លះចិត្តជាព្រះ ចិត្តជាទេវតា ធ្លាប់ឲ្យលុយម៉ាក់ខ្ញុំដែរ តែជម្ងឺរោគាបានបំផ្លាញលុយបន្ដិចបន្ដួចនោះអស់ហើយ ពួកខ្ញុំទាំងបីនាក់សុទ្ធតែមានជម្ងឺជាប្រចាំកាយ។ ខំផ្ញើសារទៅ Page សម្ដេចពុក តែសម្ដេចពុកលោកមើលមិនឃើញទេ ហើយម្យ៉ាងទៀតសម្ដេចពុកលោកជាទេវតាថែរក្សាជាតិខ្មែរ លោកមានការងាររាប់លានជំពូកដែលត្រូវដោះស្រាយ ។ រឿងគ្រួសារខ្ញុំជារឿងតូចតាចទេ ដូច្នេះខ្ញុំមានតែពឹងលោកឪពុកអ្នកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ជួយ share ដើម្បីជួយរកយុត្តិធម៌ដល់ពួកខ្ញុំផងតែប៉ុណ្ណោះ ។ សូមជួយ share ផង  សូមជួយអ្នកម្ដាយខ្ញុំផង”។

លុះប៉ុន្មានទីក្រោយមក នារីដែលអះអាងថា កូនស្រីលោកនន្ទ សុខា សរសេរសាបង្ហោះទៀតថា« ទោះលោកប៉ាធ្វើបាបអ្នកម៉ាក់ប៉ុនណា ធ្វើបាបពួកកូនប៉ុនណា ក៏ក្នុងចិត្តកូនប៉ានៅតែជាប៉ារបស់កូនដដែល កូនមិនអាចបំភ្លេចប៉ាបានឡើយ ។

ជាតិនេះកូនពិការស្វិតដៃជើង ជីវិតកូនបានមកសព្វថ្ងៃក៏អាស្រ័យប៉ានិងម៉ាក់ជាអ្នកផ្ដល់ឲ្យដែរ ។ លោកប៉ាដឹងទេ ពេលប៉ាធ្វើបាបអ្នកម៉ាក់របស់កូនម្ដងៗ ជេរប្រមាថជីវិតពួកកូនម្ដងៗ ក្នុងចិត្តកូនឈឺខ្លាំងណាស់ កូនចង់ធ្វើអ្វីក៏ធ្វើមិនកើត ព្រោះលោកប៉ាជាប៉ា ជាព្រះរស់របស់កូន កូនបានត្រឹមតែពួនយំម្នាក់ឯងក្នុងបន្ទប់ ហើយកូនក៏រៀនធ្វើជាមនុស្សមិនដឹងមិនឮ រាល់ក្ដីទុក្ខទាំងឡាយដែលប៉ាផ្ដល់ឲ្យកូន កូនខំកប់ទុក្ខឲ្យបាត់នៅក្នុងដៃជើងស្វិតរបស់កូន កូនខំញញឹមដាក់ប៉ា កុំឲ្យប៉ាស្អប់កូន ព្រោះកូនជាកូនចាបអត់ស្លាបរស់ក្នុងសំបុកមិនអាចហើរទៅណារួច កូនរស់ពឹងតែប៉ាម៉ាក់និងអាឡែនជាអ្នកជួយឲ្យចំណីជួយឲ្យថ្នាំព្យាបាលដល់កូន កូនចង់ថើបប៉ាម៉ាក់ កូនចង់ឲ្យប៉ាម៉ាក់ថើបកូនឲ្យច្រើន កូនចង់បានក្ដីស្រលាញ់ពីប៉ាម៉ាក់ ។

កូនរស់នៅជាង៣០ឆ្នាំមកនេះ កូនរស់តែងតែយកចិត្តប៉ាម៉ាក់ កូនជាជនពិការ កូនរស់កូនរងារណាស់ កូនរស់ដូចខ្វះអ្វីៗទាំងអស់។  ទោះពេលខ្លះ កូនកំពុងតែអោបប៉ា ឬអោបម៉ាក់ តែក្នុងចិត្តកូនដូចភ័យខ្លាចណាស់ ខ្លាចថ្ងៃណាមួយប៉ាម៉ាក់បោះបង់កូនចោល  ឲ្យតែខែណា ឬឆ្នាំណា កូនញញឹមដាក់ប៉ាហើយប៉ាញញឹមរកកូនវិញ គឺកូនតែងតែរត់ទៅអោបប៉ា តែជាតិនេះប៉ាកម្រញញឹមដាក់កូនណាស់ ។

។ល។ ពេលនេះក្ដីភ័យខ្លាចរបស់ខ្ញុំ បានមកដល់ហើយ ប៉ាខ្ញុំបានបោះបង់ខ្ញុំហើយ សូម្បីតែលុយទិញថ្នាំផឹកប៉ាលែងឲ្យរហូត។ ហើយនៅប្ដឹងទាមទារយកអ្វីៗទាំងអស់ទៅទៀត ។

កូនដឹងថា ម៉ាក់ជាប្រពន្ធដើម មិនអាចប្ដឹងឈ្នះលោកប៉ាទេ ព្រោះលោកប៉ាមានអំណាច ដូច្នេះបន្លឺយុត្តិធម៌មិនងាយមានដល់ពួកកូនឡើយ ។ ទេវតាអើយ! សូមមេត្តាជួយស្រោចស្រង់អ្នកម្ដាយខ្ញុំនិងពួកខ្ញុំផង។

ជុំវិញនឹងការចោទប្រកាន់របស់នារីខាងលើនេះ អង្គភាព «KBN» មិនដឹងថា មានការពិតកម្រិតណាទេ ព្រោះមិនអាចសុំការបកស្រាយបញ្ជាក់ពីលោកផ្កាយ៣ នន្ទ សុខា  បាន  តែយ៉ាងណា យើងរង់ចាំទទួលការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕