ស្រាវជ្រាវដោយឈឹម សេរីភួន ៖ លោកទេព ផន កើតនៅក្នុងឆ្នាំ១៩០៥ នៅស្រុកកណ្តាលស្ទឹង ជាកូនរបស់លោក ទេព កែវ ចៅហ្វាយស្រុកកណ្តាលស្ទឹង និងអ្នកស្រី ចាន់ ។
នៅក្នុងឆ្នាំ១៩២៣ លោកបានទទួលសញ្ញាបត្របញ្ចប់សាលាបឋមសិក្សា ដែលជាសញ្ញាបត្រខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជាជំនាន់នោះ។ លោកត្រូវបានជ្រើសរើសធ្វើជាលេខាបកប្រែរបស់ទេសាភិបាលបារាំងប្រចាំខេត្តកណ្ដាល រហូតឆ្នាំ១៩៣១ លោកបានបន្តការសិក្សានៅសាលាភូមិន្ទរដ្ឋបាល។


ឆ្នាំ១៩៣២ លោកបានប្រឡងជាប់ជាមន្រ្តីថ្នាក់មធ្យម និងថ្នាក់ខ្ពស់ ក្នុងរដ្ឋបាលនៃរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ រហូតបានឡើងជាអភិបាលខេត្ត, ប្រតិភូរដ្ឋាភិបាល និងអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទក្នុងឆ្នាំ១៩៥៣។
ក្នុងឆ្នាំ១៩៥៤ ព្រះមហាក្សត្រនរោត្តម សីហនុ បានតែងតាំងលោកទេព ផន ធ្វើជាប្រធានគណៈប្រតិភូកម្ពុជា ទៅចូលរួមក្នុងសន្និសីទ ដើម្បីរកដំណោះស្រាយសន្តិភាពនៅឥណ្ឌូចិន នាក្រុងសឺណែវ ។


ពីថ្ងៃទី២៦កក្កដា ឆ្នាំ១៩៥៧ ដល់ថ្ងៃទី២១មករា ឆ្នាំ១៩៥៨ លោកត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកបោសសម្អាតទូទៅ និងសេដ្ឋកិច្ចជាតិ។
ពីថ្ងៃទី១៩មេសា ឆ្នាំ១៩៦០ ដល់ថ្ងៃទី២៨មករា ឆ្នាំ១៩៦១ លោកត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តីទី២ និងជារដ្ឋមន្រ្តីការបរទេស។
ពីថ្ងៃទី២៨មករា ឆ្នាំ១៩៦១ ដល់ថ្ងៃទី៦សីហា ឆ្នាំ១៩៦២ លោកត្រូវបានតែងតាំងជារដ្ឋមន្រ្តីទទួលបន្ទុកផែនការ និងជឃាចៅហ្វាយក្រុងភ្នំពេញ។


នៅក្នុងឆ្នាំ១៩៦៧ លោកបានបញ្ចប់អាជីពជាមន្រ្តីរាជការ និងអាជីពជាអ្នកនយោបាយ ។ នៅក្នុងឆ្នាំ១៩៧៨ លោកបានទទួលមរណភាពក្នុងជន្មាយុ៧៣ឆ្នាំ នៅ NOGENT-SUR-MARNE ជាយក្រុងប៉ារីស។


ដោយសារតែលោកមានស្នាដៃក្នុងការរៀបចំទីក្រុងភ្នំពេញ គេបានបង្កើតវិថីមួយនៅក្នុងទីក្រុងភ្នំពេញ ដោយបានដាក់ឈ្មោះផ្លូវនោះជាឈ្មោះរបស់លោក គឺវិថីឧកញ៉ាទេព ផន ដែលបានបន្សល់ទុករហូតដល់សព្វថ្ងៃនេះ៕

បញ្ជាក់៖ រូបថត colorise ខ្លះ និងរូបថតពីប្រភពផ្សេងខ្លះ!