ខេត្តកណ្តាល៖ នារីម្នាក់ មានទំនាក់ស្នេហាជាមួយបុរសម្នាក់ តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក រហូតជ្រុលខ្លួនរួមរ័កមេត្រីខុសគន្លងប្រពៃណីជាបន្តបន្ទាប់ និងក្រោយរួមរ័ករួចបុរសជាគូស្នេហ៍តែងយកទូរស័ព្ទថតរូបអាក្រាតកាយនាងទុក លុះពេលចំណងស្នេហ៍រង្គោះរង្គើ ស្រាប់តែភាភីខាងប្រុសបង្ហោះរូបអាក្រាតកាយ និងហែកកេរ្តិ៍នាងតាមហ្វេសប៊ុក ធ្វើឲ្យនារីជាសង្សារទ្រាំលែងបាន ក៏ទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនប្រុសគម្រក់នេះ យកមកចាត់ការតាមផ្លូវច្បាប់តែម្តង។

ករណីសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបង្ហោះរូបអាក្រាតកាយស្រីស្នេហ៍តាមហ្វេសប៊ុកនេះ ធ្វើឡើងនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩។
នារីរងគ្រោះជាស្រីស្នេហ៍មានឈ្មោះ ស.វ.ន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលមានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរមេផ្ទះ ។ ចំណែក ជនសង្ស័យមានឈ្មោះ មាស ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រយូងពង ឃុំជើងព្រៃ ស្រុកបាឆាយ ខេត្តកំពង់ចាម។ សមត្ថកិច្ចដកហូត
ទូរស័ព្ទដៃមួយគ្រឿង ម៉ាកSAMSUNG (Galaxy Grand MaX) ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃមិនចាំ ខែកុម្ភៈ ឆ្នាំ២០១៩ នារីរងគ្រោះបានបើក Facebook លេង ស្រាប់តែមានអាខោន Facebook ឈ្មោះទឹកហូរមិនហត់ បានអេដ មកជនរងគ្រោះ ហើយម្ចាស់អាខោននោះបានឆាតមកនិយាយគ្នាលេងបានប្រហែលជាមួយខែក្រោយមក ឈ្មោះមាស ចំរើន ( Facebook ទឹកហូរមិនហត់ ប្តូរឈ្មោះទៅដាក់ឈ្មោះចំរើន ស៊ីណា) និងបានសុំស្រឡាញ់នារីរងគ្រោះ ហើយពេលនោះនារីរងគ្រោះបាននិយាយថា បើស្រឡាញ់មកជួបសិនមកចាំស្រឡាញ់គ្នា។

ប្រភពបន្តថា ក្រោយមកក្នុងខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៧.០០នាទី ឈ្មោះមាស ចំរើន(ជនសង្ស័យ) បានមកជួបនារីរងគ្រោះនៅចំណុចរង្វង់មូលតាខ្មៅ បន្ទាប់មកនារីរងគ្រោះបានជូនឈ្មោះនេះទៅដេកផ្ទះ សំណាក់តែម្នាក់ឯងទេ។ លុះព្រឹកឡើងនារីរងគ្រោះបាននាំឈ្មោះ មាស ចំរើន ទៅលេងផ្ទះបងប្រុស នៅស្រុកកោះធំ បានចំនួន៥ថ្ងៃ ហើយនារីរងគ្រោះបានដេកនៅជាមួយឈ្មោះ មាស ចំរើន ដូចប្តីប្រពន្ធជារៀងរហូត ប៉ុន្តែនៅពេលដេកនៅជាមួយគ្នា ឈ្មោះមាស ចំរើន តែងតែលួចថតរូបភាពអាក្រាតកាយរបស់នារីរងគ្រោះដេក ដោយមិនឲ្យនារីរងគ្រោះដឹងខ្លួនឡើយ។

ក្រោយមក នារីរងគ្រោះដឹងថាដឹងថាឈ្មោះ មាស ចំរើន មានប្រពន្ធកូនហើយ ទើបនារីរងគ្រោះបានសុំផ្តាច់ទំនាក់ទំនងជាមួយ ប៉ុន្តែឈ្មោះ មាស ចំរើន នៅតែតាមទំនាក់ទំនងជនរងគ្រោះ ថែមទាំងប្រើពាក្យសម្តីមកគំរាមកំហែងបង្ហោះរូបអាសអាភាស (រូបភាពដែលឈ្មោះ មាស ចំរើន បានលួចថត) ហើយបានឆាតទៅឲ្យហ្រ្វេននៅក្នុង Facebook និងផ្ញើរូបភាពទាំងនោះឲ្យពួកគេមើលថែមទៀតផង ធ្វើឲ្យនារីរងគ្រោះមិនអាចទទួលយកនូវទង្វើរបស់ប្រុសគម្រក់នេះលែងបាន ក៏ទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ មាស ចំរើន បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចរៀបរាប់ខាងលើពិតប្រាកដមែន ពីព្រោះខ្លួនចង់ឲ្យនារីរងគ្រោះ ខ្មាសគេ ហើយមកទំនាក់ទំនងជាមួយខ្លួនវិញ តែដឹងអី នារីរងគ្រោះប្តឹងប៉ូលិសចាប់ខ្លួនរូបគេតែម្តង។
ជនសង្ស័យត្រូវសមត្ថកិច្ចនាំមកឃុំខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕