ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញ នៅព្រឹកថ្ងៃទី១៧ ឧសភា ២០១៩ បានចុះទៅបិទទ្វារ ក្រុមហ៊ុន GCG Asia Co., LTD ដែលបើកស្នាក់ការ នៅវិមានកាណាឌីយ៉ា ក្នុងរាជធានីភ្នំពេញ ព្រមទាំងឃាត់ប្តីប្រពន្ធជាជនជាតិម៉ាឡេស៊ី និងជាប្រធានក្រុមហ៊ុន យកទៅសួរនាំ ក្រោយពីក្រុមហ៊ុនមួយនេះបានយកឈ្មោះ និងរូបថតសម្ដេចតេជោ ហ៊ុន សែន បង្ហោះក្នុងគេហទំព័ររបស់ខ្លួន ដោយខុសច្បាប់ ដែលនាំឲ្យសម្តេចតេជោ មានប្រតិកម្ម កាលពីយប់ថ្ងៃទី១៦ ឧសភា ។
នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់កាសែតថា ក្រុមហ៊ុនម៉ាឡេស៊ីនេះ គឺជាក្រុមហ៊ុនឆបោកលក្ខណៈអន្ដរជាតិ ហើយមានប្រទេសជាច្រើននៅតំបន់អាស៊ី បានរងគ្រោះ ដោយសារក្រុមហ៊ុននេះរួចទៅហើយ ។ បន្ទាប់ពីមានការស្រាវជ្រាវ មន្ត្រីជំនាញ រកឃើញថា ក្រុមហ៊ុនមួយនេះ មិនបានចុះបញ្ជីត្រឹមត្រូវជាមួយធនាគារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធណាមួយនោះទេ ហើយពីមុនមកបោះមូលដ្ឋាននៅកម្ពុជា ក្រុមហ៊ុននេះធ្លាប់រកស៊ីបោកប្រាសតំបន់អាស៊ី មានដូចជាប្រទេសម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី សឹង្ហបុរី និងចិន ជាដើម ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋខ្មែរ មិនទាន់ចាញ់បោកក្រុមហ៊ុននេះនៅឡើយទេ ហើយមានជនរងគ្រោះភាគច្រើន ជាជនជាតិចិន ព្រោះក្រុមហ៊ុនមួយនេះ ដាក់លក់ដូរតែនៅក្រៅប្រទេសប៉ុណ្ណោះ ប៉ុន្តែមានស្នាក់ការនៅកម្ពុជា ។
សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមហ្វេសប៊ុកផ្លូវការថា « ដំណឹងសន្តិសុខជាតិបន្ទាន់! កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បានយករូបថតខ្ញុំ និងឈ្មោះខ្ញុំ ទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន http://gcgasiacoin.com/ ដែលនិយាយថា ខ្ញុំជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែ ឧសភា ២០១៩។ ទន្ទឹមនឹងនោះ ក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិ និងធនាគារចិន នៅកម្ពុជាថា ជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency) ។ តាមព័ត៌មានពីស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជា គឺបញ្ជាក់ថា GCG Asia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវ ហើយត្រូវបានដាក់ចូលក្នុង Black List ។
ក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមបដិសេធន៍ព័ត៌មានដែលផ្សាយក្នុងវេបសាយរបស់ក្រុមហ៊ុនខាងលើនេះគឺមិនពិតទេ។ សូមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ពិនិត្យតាមដាន និងស្រាវជ្រាវរកមុខជនខិលខូចយកមកផ្តន្ទារទោសតាមច្បាប់ជាធរមានជាបន្ទាន់ ។
សូមបងប្អូនប្រជាពលរដ្ឋ និងពាណិជ្ជករទាំងក្នុងនិងក្រៅប្រទេសមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទិញដូរប្រាក់ដែលគ្មានការអនុញ្ញាត្តិពីរាជរដ្ឋាភិបាលកម្ពុជា» ៕