រាជធានីភ្នំពេញ ៖ ការអនុវត្តម៉ោងបង្រៀន និងរៀនក្នុងរដូវប្រាំង ដែលមានអាកាសធាតុក្តៅខ្លាំងនោះ ក្រសួងអប់រំយុវជននិងកីឡា សម្រេចបន្ថយម៉ោងបង្រៀនពីម៉ោង១១មកត្រឹមម៉ោង១០និង៣០នាទីព្រឹក និងពេលល្ងាចពីម៉ោង០១មកម៉ោង០១និង៣០នាទី ដោយអះអាងថា ដើម្បីជៀសវាងប៉ះពាល់ដល់សុខភាពសិស្សានុសិស្សពីធាតុអាកាសក្ដៅខ្លាំង ។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា ក្នុងរដូវប្រាំងឆ្នាំ២០១៩ អាកាសធាតុក្ដៅហួតហែងខ្លាំង និងអាចមានសីតុណ្ហភាពលើសពី៤០អង្សារសេ ជាពិសេសនៅចន្លោះពីម៉ោង១០:០០ ព្រឹកដល់ម៉ោង១៤:០០ រសៀល ។
ដូច្នេះហើយក្រសួងស្នើទៅគ្រប់គ្រឹះស្ថានសិក្សាចាត់ចែងអនុវត្តម៉ោងបង្រៀនគឺ ពេលព្រឹក ចូលរៀននៅម៉ោង ៧:០០ ចេញម៉ោង១០:៣០ ហើយសម្រាប់ពេលរសៀល ចូលរៀននៅម៉ោង១៣:៣០ ចេញម៉ោង១៧:០០ ។
ក្រសួងអប់រំបញ្ជាក់ថា នៅពេលដែលផុតដូវក្តៅនេះ គ្រឹះស្ថានសិក្សាត្រូវអនុវត្តតាមគោលការណ៍ ដែលមានស្រាប់វិញ ៕