ខេត្តកណ្ដាល៖ យុវជនម្នាក់ធ្លាប់មានទំនាស់ទាក់ពាក្យសម្ដីជាមួយបុរសម្នាក់ទៀតញឹកញាប់ មិនដែលបង្ករបួសស្នាមអ្វីទេ លុះទាស់ពាក្យសម្ដីគ្នាម្ដងទៀត ធ្វើឲ្យផ្ទុះកំហឹងចុងក្រោយ យកកាំបិតកូនកាំបិតចាក់ទៅលើបុរសជាគូរទំនាស់របស់ខ្លួនជាច្រើនកាំបិត បណ្ដាលឲ្យបុរសរងគ្រោះរងរបួសធ្ងន់ធ្ងរ នៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកំពង់ស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ ។

ជនសង្ស័យឈ្មោះ សារឿន ភត្រ្តា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ។ រីឯជនរងគ្រោះឈ្មោះ ហុក ប្រុស (ហៅ ណុប) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យ និងជនរងគ្រោះមានទីលំនៅភូមិជាមួយគ្នា ។

កាលកន្លងមក ជនរងគ្រោះ និងជនសង្ស័យធ្លាប់មានទំនាស់ជាមួយគ្នាម្ដងជាពីរដងមកហើយ តែពុំដែលបង្កឲ្យមានរបួសស្នាមអ្វីទេ ។ លុះនៅពេលកើតហេតុខាងលើ ខណៈដែលជនសង្ស័យធ្វើដំណើរទៅវត្តភក្ដីសិរីដុះ ។ ពេលមកដល់ចំណុចមុខផ្ទះជនរងគ្រោះ ពេលនោះក៏បានជួបជនរងគ្រោះ រួចបានទាក់ពាក្យសម្ដីគ្នាបន្តិច ជនរងគ្រោះបានយកដុំដីគប់ទៅលើជនសង្ស័យ ហើយក៏បានប្រតាយប្រតប់គ្នាទៅវិញទៅមក ពេលនោះ ជនសង្ស័យបានយកកូនកាំបិតដែលដាក់តាមខ្លួនទៅចាក់លើជនរងគ្រោះ ជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសជាទម្ងន់ ហើយគេចខ្លួន ។ តែភ្លាមៗនោះ កម្លាំងនគរបាលស្រុក និងនគរបាលប៉ុស្ដិ៍ព្រែកថ្មី បានចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបានភ្លាមៗរួមជាមួយវត្ថុតាង កូនកាំបិតចំនួន១ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ តែម្ដង ។
ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកកោះធំ ដោយសភាពរបួសធ្ងន់ធ្ងរពេកត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីររាជធានីភ្នំពេញ បន្តទៀត ។
ជនសង្ស័យ សារឿន ភត្ត្រា ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមច្បាប់ ៕