ថៃ ៖ តាមការគ្រោងទុក ការប្រកាសលទ្ធផលត្រូវធ្វើឡើងនៅម៉ោង១០ព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩នេះ ប៉ុន្តែគណៈកម្មាការរៀបចំការបោះឆ្នោតថៃ បានប្រកាសពន្យារពេលចេញលទ្ធផលបឋមរហូតដល់ម៉ោងប្រមាណ២រសៀល ថ្ងៃចន្ទដដែលនេះវិញ ដោយគណៈកម្មាធិការមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ នៃការផ្អាកនេះឡើយ ។
បើតាមលទ្ធផលក្រៅផ្លូវការ នៃការរាប់សន្លឹកឆ្នោត បង្ហាញថា ៖
-គណបក្ស Pheu Thai ឈរលេខរៀងទី១ ដោយទទួលបាន១៣៥អាសនៈ ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៧,៤២២,៦០០សន្លឹក ។ គណបក្សភឿថៃ របស់លោក ថាក់ស៊ីន ។
-គណបក្ស PPRP ឈរនៅលេខរៀងទី២ ជាមួយ១១៧អាសនៈ ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៧,៩៣៨,៨៩៣សន្លឹក ។ គណបក្ស ផាឡាង ប្រាឆារ៉ាត (Palang Pracharath ឬ PPRP) របស់លោក ប្រាយុទ្ធ ចាន់អូចា ។
និងតាមពីក្រោយឈរលេខរៀងទី៣ គឺគណបក្សអនាគតទៅមុខ (Future Forward Party) ដែលទទួលបាន ៨០អាសនៈ ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន៥,៨៧០,០៩៣សន្លឹក ។
ជាមួយគ្នានោះដែរ ទោះបីជាគណបក្សភឿថៃ (Pheu Thai) បានឈ្នះអសនៈច្រើនជាងគេក៏ដោយ បើយោងតាមលទ្ធផលក្រៅផ្លូវការខាងលើ គណបក្ស PPRP ដែលទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៧,៩៣៨,៨៩៣សន្លឹក ពោលគឺលើសគណបក្សភឿថៃ Pheu Thai ដែលឈរនៅលេខរៀងទី១ នោះវិញ។ ដូច្នេះ គណបក្ស PPRP អាចនឹងទទួលបានអាសនៈបន្ថែម ដែលគេហៅថា (Party-list Seat) ដែលនេះជាប្រព័ន្ធបោះឆ្នោតរបស់ប្រទេសថៃ ៕