រាជធានីភ្នំពេញ៖ ស្រ្តីម្នាក់ខណៈកំពុងដើរតាមផ្លូវ រកម៉ូតូកង់បីជិះ ត្រូវជនសង្ស័យចំនួន២នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបយួរពីដៃបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី មុខហាងលក់ទ្វារសុវត្ថិភាពអប្សរា ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ ឃី ម៉េងលីន ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរ ជាមន្រ្តីតរាជការ មានទីលំនៅ ភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ សម្ភារៈដែលមាននៅក្នុងកាបូបនោះ លុយ២លានរៀល អត្តសញ្ញាណប័ណផ្ទាល់ខ្លួន កាតATM ទូរស័ព្ទដៃហ៊ូវៃ និងឯកសារការងារមួយចំនួនទៀត ត្រូវចោរឆក់យកទៅបាត់ ។

មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីស្នាក់ការគណបក្សខ្មែរតែមួយ ដែលមានទីតាំងក្បែរកន្លែងកើតហេតុ ដោយយួរកាបូបដៃ ដើរថ្មើរជើង គោលបំណងរកម៉ូតូកង់បីជិះ ។ លុះមកដល់ចំណុចហាងលក់ទ្វារសុវត្ថិភាព ផ្លូវសហព័ន្ធរុស្សី ស្រាប់តែជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកឃ្លីក ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះពីលិចទៅកើត ធ្វើសកម្មភាពឆក់យកកាបូបដៃបានសម្រេច ហើយជិះបត់ត្រឡប់ក្រោយទៅទិសខាងលិចវិញ គេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈស្រ្តីរងគ្រោះខំប្រឹងរត់ដេញតាមស្រែកឲ្យគេឯងជួយ តែមិនបានលទ្ធផល ។ តែយ៉ាងណា សកម្មភាពជនសង្ស័យ២នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបយួរពីដៃជនរងគ្រោះនោះ ត្រូវបានបង្ហាញជាក់ស្តែងនៅក្នុងកាម៉េរាសុវត្ថិភាពផងដែរ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាប២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ខ្លួនមុខសញ្ញាជនសង្ស័យដែលឆក់យកកាបូបដៃខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ៕