រាជធានីភ្នំពេញ៖ ក្រោយ KBN news ចុះផ្សាយអត្ថបទព័ត៌មានមួយមានចំណងជើងថា ហួសថ្លែង! រថយន្តសាមុយដឹកអ្នកជំងឺប៉ះចំតៃកុងស្រវឹងស្រា បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យអ្នកជំងឺកាន់តែមានសភាពធ្ងន់ធ្ងរថែមទៀត មក លោកប្រធានមណ្ឌលសុខភាពត្រាំខ្នារ បានផ្ញើសារមួយបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៏នេះ មានខ្លឹមសារដើមទាំងស្រុងដូចខាងក្រោមនេះ៖

ខ្ញុំប្រធានមណ្ឌលសុខភាពត្រាំខ្នារ សូមបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៏ ដូចតទៅ ៖ ១ អ្នកបើកបររថយន្តសាមុយបើកបរក្នុងស្ថានភាពស្រវឹង គឺខុសការពិត ព្រោះថា តាមការពិនិត្យរបស់ជំនាញនគរបាលចរាចរផ្លូវគោកក្រុងគឺគ្មានជាប់គ្រឿងស្រវឹងរឺក៏សារធាតុញៀនផ្សេងទៀតទេ ។ ទី២ ករណីធ្វើអោយអ្នកជំងឺកាន់តែធ្ងន់ទៅ តាមការពិនិត្យមុនពេលបញ្ជូនគឺមានសភាពធ្ងន់ស្រាប់ហើយ (សន្លប់បាតបង់ស្មារតី) ដូច្នេះត្រូវបញ្ជូនជាបន្ទាន់ដើម្បីជួយសង្គ្រោះអាយុជីវិត ។ ទី៣ រថយន្តសាមុយបើកលឿនដូចហោះ សូមលោក លោកស្រីគិតមើលថាគួរបើកក្នុងល្បឿនណាមួយទើបជួយសង្រ្គោះអ្នកជំងឺបានទាន់ពេល សម្រាប់ករណីជំងឺសង្គ្រោះបន្ទាន់ដូចរៀបរាប់ក្នុងចំនុចទី២ខាងលើ ។ទី ៤ ករណីធ្វើឲ្យអ្នកជំងឺកាន់ធ្ងន់ធ្ងថែមទៀត កាលពីថ្ងៃទី២១ខែកុម្ភះ ខ្ញុំបានទៅសួសុខទុក្ខអ្នកជំងឺដល់មន្ទីពេទ្យខ្មែរ សូវៀត ឃើញថាអ្នកជំងឺដឹងខ្លួនវិញហើយ ។ដូច្នេះសូមសារពត៌មាន KBN news បកស្រាយបំភ្លឺឡើងវិញចំពោះកំហុសឆ្គងការចុះផ្សាយក្នុងគេហទំព័រកន្លងទៅដើម្បីអោយប្រិយមិត្តក្នុងបណ្តាញសង្គមយល់ចៀសវាការយល់ច្រឡំ ។

KBN news សុំមិនបកស្រាយអ្វី ចំពោះការបំភ្លឺរបស់លោកប្រធានមណ្ឌលសុខភាពត្រាំខ្នារ ខាងលើនេះទេ ដោយគ្រាន់តែរំលឹកឡើងវិញថា កាលពី ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៩ ម្សិលមិញ KBN news ចុះផ្សាយអត្ថបទព័ត៌មានមួយមានចំណងជើងថា «ហួសថ្លែង! រថយន្តសាមុយដឹកអ្នកជំងឺប៉ះចំតៃកុងស្រវឹងស្រា បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យអ្នកជំងឺកាន់តែមានសភាពធ្ងន់ធ្ងរថែមទៀត» មានខ្លឹមសារថា៖

រថយន្តសាមុយ របស់មណ្ឌលសុខភាពត្រាំខ្នា បានបើកក្នុងល្បឿនលឿន ខណៈមកដល់មកដល់ផ្លូវកោងខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកនិងរថយន្តស៊េរីទំនើបមួយគ្រឿង ដែលបើកបរបញ្ច្រាសទិសដៅគ្នា បណ្តាលអោយរថយន្តសាមុយ ក្រឡាប់ផ្ងារជើងមួយចំហៀង ធ្វើឲ្យអ្នកជំងឺនៅក្នុងរថយន្ត រងរបួសរឹតតែធ្ងន់ថែមទៀត។ ចំនែករថយន្តសេរីទំនើប ក៍បានរេចង្កូតធ្លាក់ផ្លូវផងដែរ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៩ ចំនុចផ្លូវកោង ផ្លូវបេតុង ព្រៃស ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ។
តាមសម្តីអ្នកបើកបររថយន្តសាមុយ និយាយទាំងធំក្លិនស្រា បានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តសាមុយ របស់មណ្ឌលសុខភាពត្រាំខ្នា ដោយដឹកអ្នកជំងឺស្រីម្នាក់ ព្រមទាំងមានក្រុមគ្រួសាររបស់អ្នកជំងឺ សរុបទាំងអស់៥នាក់ គោលបំណងបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូរវៀត ដោយបានធ្វើដំណើរតាមផ្លូវបេតុងព្រៃស ទិសដៅ ពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុ ដែលជាផ្លូវកោង ហើយណាមួយរថយន្តរបស់គាត់លឿន បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកនិងរថយន្តសេរីទំនើប ម៉ាក តូយូតា RUSH ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AX 9670 ដែលកំពុងធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នា បណ្តាលរថយន្តស៊េរីទំនើបរេចង្កូតធ្លាក់ផ្លូវ រងការខូចខាតបន្តិចបន្តួច តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។

ដោយឡែករថយន្តសាមុយរបស់គាត់ ក្រឡាប់ផ្ងារជើងមួយចំហៀង ផ្ទុប់និងបង្គោលស្លាកបាណូ បណ្តាលអោយអ្នកជំងឺនៅក្នុងរថយន្ត រងរបួសរឹតតែធ្ងន់ថែមទៀត ហើយភ្លាមៗនោះដែរ អ្នកទាំង៤ដែរត្រូវជាសាច់ញាតិ ត្រូវបានដឹកតាមរថយន្តសង្គ្រោះរបស់មន្ទីពេទ្យបង្អែកពងទឹក យកទៅសង្គ្រោះនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ជាបន្តទៀត ៕