ខេត្តតាកែវ ៖ លោក ឆាយ សា​វុ​ធ អធិការ​នគរបាល​ក្រុង​ដូន​កែវ និង​កំពុង​ត្រៀមខ្លួន​ឡើង​តំណែង​ជា​ស្នងការ​រង​នគរបាល​ខេត្តតាកែវ​ផង​នោះ ស្រាប់តែ​បែកធ្លាយ​រឿង​ប្រើ​អំពើ​ហិង្សា​ដាក់​ប្រពន្ធ​ខ្លួនឯង ដោយសារ​តាម​ទាន់​ខ្លួន​លួច​ទៅ​ជួប​ស្រី​ស្នេហ៍​ទាំង​កណ្តាល​យប់​ក្នុង​ក្រុង​ដូន​កែវ ។

ប្រពន្ធ​របស់​លោក​អធិការ​នគរបាល​ក្រុង​ដូន​កែវ គឺ​អ្នកស្រី ពៅ សុភាព ហៅ​ក្អៀ​ប បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក ថា លោក​ប្តី​ប្រើ​អំពើ​ហិង្សា​លើ​រូប​នាង កាលពី​យប់​ថ្ងៃ​ទី​១៥ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០១៨​នេះ​។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ម្ចាស់​គណនី​មួយ​ឈ្មោះ Pouv Sopheap ដែល​គេ​ដឹង​ថា ជា​ប្រពន្ធ​អធិការ​ក្រុង​ដូន​កែវ លោក ឆាយ សា​វុ​ធ បាន​សរសេរ​រៀបរាប់​ថា «​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​ថា ប្តី​របស់​ខ្លួន បាន​បញ្ចេញស្នាដៃ​របស់​ខ្លួន​អួត​ស្រី​ស្នេហ៍ ដោយ​លើកដៃ​វ៉ៃ​ប្រពន្ធ ដែល​តាម​ទាន់ ។ អ្នកស្រី ក៏​បាន​ស្នើ​ឲ្យ​មិត្ត​ភ័​ក្តិ នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជួយ​ចែករំលែក​«Share»​ត​ៗ​គ្នា​ផង​ដែរ​» ​។

ហេតុការណ៍​ដ៏​កម្រ​នេះ លោក ឆាយ សា​វុ​ធ អធិការ​នគ​បាល​ក្រុង​ដូន​កែវ ខេត្តតាកែវ បាន​ថ្លែង​ទទួលស្គាល់​ថា លោក​ពិតជា​បាន​ប្រើ​អំពើ​ហិង្សា លើ​ប្រពន្ធ​ពិតប្រាកដ​មែន ដោយ​លោក​បាន​ទះ​នាង​មួយ​កំភ្លៀង ហើយ​មូលហេតុ នៃ​ការ​ប្រើ​អំពើ​ហិង្សារ​នេះ គឺ​បណ្ដាល​មក​ពី​ប្រពន្ធ​របស់​លោក បាន​បើករថយន្ត​បុក​រថយន្ត​របស់​លោក ឲ្យ​ខូចខាត​គូថរថយន្ត​ខាងក្រោយ ។

តែ​ទោះជា​យ៉ាងណា លោក​អធិការ​ក្រុង​ដូន​កែវ ក៏​បាន​អះអាង​ថា នេះ​ជា​រឿង​គ្រូ​សារ​ផ្ទាល់ខ្លួន​របស់​លោក​ទេ ហើយ​លោក​នឹង​ធ្វើការ​ដោះស្រាយ​គ្នា ក្នុង​រង្វង់​គ្រូ​សារ​មិន​ឲ្យ​មាន​បញ្ហា​វែង ឆ្ងាយ​តទៅ​ទៀត​នោះ​ទេ ។

ជុំវិញ​ករណី​នេះ​ដែរ លោក សួន ផុ​ន ស្នងការ​រង​ទទួល​ផែន​យុត្តិធម៌​នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា ករណី​នេះ​ ជា​បទល្មើស​ព្រហ្ម​ទណ្ឌ តែ​ដោយសារ​គ្មាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ ជំនាញ​លោក​មិន​អាច​ចាត់ការ​បាន​ទេ ដូច្នេះ​មាន​តែ​ព្រះរាជអាជ្ញា​ទេ ទើប​មាន​សិទ្ធិ​ចាត់ការ​តាម​នីតិវិធី ។

ទោះជាយ៉ាងណា ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ អ្នកសារព័ត៌មានយើង នៅមិនទាន់សុំការបំភ្លឺបន្ថែមអោយច្បាស់ ពីលោក ឆាយ សាវុធ អធិការ​នគរបាល​ក្រុង​ដូន​កែវ បាននៅឡើយទេ ។

បើ​តាម​ការ Commment នៅ​លើ​ការ​បង្ហោះ​នោះ មិត្ត​ភ័​ក្រ​មួយ​ចំនួន នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក បាន​នាំ​គ្នា​រិះគន់​លោក​អធិការ​ក្រុង​ដូន​កែវ យ៉ាង​ចាស់ដៃ ដោយ​មិន​គួរ​ណា​ដាច់​ចិត្ត​លើកដៃ​វ៉ៃ​ប្រពន្ធ បែប​នេះ​ទេ ដោយឡែក មិត្ត​ភ័​ក្រ​ខ្លះ​ទៀត ក៏​បាន​លើក​ឡើង​ថា មិន​គួរ​ណា ប្រពន្ធ​បង្ហោះ​រឿង​គ្រូ​សារ ដែល​ឈ្លោះ​គ្នា​តិចតួច​នោះ​ទេ មានការ​អី​ជជែក​គ្នា​វិញ ប្រសើរ​ជាង​យក​មក​បង្ហោះ​ឲ្យ​គេ​ដឹង​ឮ រឿង​គ្រូ​សារ​ផ្ទាល់ខ្លួន ៕