ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖នៅវេលាព្រឹក ថ្ងៃច័ន្ទ ទី 29 ខែតុលា នេះ កាសែត Straits Times និង NDTV បានរាយការអំពីសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី Air Lines ដោយយន្តហោះប្រភេទ Boeing 737 ជើងយន្តហោះទី JT 610 បានធ្លាក់ បន្ទាប់ពីហោះហើរបានរយៈពេលត្រឹមតែ ១៣នាទីប៉ុណ្ណោះ ចេញពីអាកាសយានដ្ឋានអន្តរជាតិហ្សាកាតា ។

ប្រភពបានឱ្យដឹងថា មុនជួបគ្រោះថ្នាក់ដ៏រន្ធត់នេះ យន្តហោះប្រភេទ Boeing 737 បានចាប់ផ្ដើមហោះហើរនៅកម្ពស់ 5,000 ហ្វីត (1,524 ម៉ែត្រ) ។ អ្នកបើកបរ បានទាក់ទងមជ្ឈមណ្ឌលគ្រប់គ្រងអាកាសយានដ្ឋាន ដើម្បីសុំការអនុញ្ញាតឱ្យត្រឡប់ទៅព្រលានយន្តហោះវិញ ស្រាប់តែការប្រតិបតិ្តការយន្តហោះបានបាត់ខ្លួនពីអេក្រង់រ៉ាដានិងពីការត្រួតពិនិត្យ មិនអាចទាក់ទងចាប់តាំងពីពេលនោះមកតែម្ដង ។

លោក Yusuf Latte អ្នកនាំពាក្យរបស់ភ្នាក់ងារជួយសង្គ្រោះឥណ្ឌូនេស៊ីបាននិយាយថា យន្តហោះខាងលើមានផ្ទុកអ្នកដំណើរ និងនាវិកចំនួន 189 នាក់ រួមបញ្ចូលទាំងកូនក្មេងម្នាក់ និងទារកពីរនាក់ ។ យន្តហោះនេះដែរ បានចាកចេញពីព្រលានយន្តហោះហ្សាកាតានៅម៉ោង 6,20 នាទីព្រឹក ហើយវាត្រូវបានគេគ្រោងនឹងទៅដល់​ក្រុង PANGKAL PINANG នៅម៉ោង 7 និង 20 នាទីព្រឹក ប៉ុន្តែនៅម៉ោង 6 និង33 យន្តហោះបានបាត់ការទាក់ទងតែម្ដង ក្រោយមកទើបមានដំណឹងថាយន្តហោះ JT 610 បានធ្លាក់ហើយ ។

បន្ទាប់ពីសារព័ត៌មានបានចុះផ្សាយ យន្តហោះ Boeing 737 JET 610 របស់ក្រុមហ៊ុន Lion Air បានធ្លាក់កាលពីព្រឹកថ្ងៃចន្ទ វាមានរយៈពេលត្រឹមតែ 13 នាទីប៉ុណ្ណោះ សាច់ញាតិនិងក្រុមគ្រួសាររបស់អ្នកដំណើរនៅលើយន្តហោះ បានមកតាមដានស្ថានភាពនៅព្រលានយន្តហោះ មានមនុស្សខ្លះបានស្រែកទ្រហោយំ គួរឱ្យរន្ធត់ជាពន់ពេក ៕
សហការី KBN
ប្រភព៖ khaosod