ខេត្តកោះកុង ៖ ដោយរអិលគ្រួសដែលគេទើបចាក់ផ្លូវ រថយន្ត HILANDER មួយគ្រឿង បានរអិលធ្លាក់ពីលើផ្លូវ ចូលចំណោទ បណ្ដាលឲ្យរងរបួសជនជាតិចិន៣នាក់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១០ តុលា ២០១៨ នេះនៅចំណុច ចំណោតអូរជ្រៅ ក្នុងឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា រថយន្ដម៉ាក HILANDER ពណ៍ស ពាក់ស្លាកលេខបរទេស 4YBV692 បើកបរដោយឈ្មោះ ស៊ូ ចិត្រា ភេទប្រុស ជនជាតិខ្មែរ អាយុ២៨ឆ្នាំ ទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុបានធ្វើដំណើរពីកំពង់សោម ទៅកោះកុង ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ រថយន្ដរ៉េចុះចំណោទ ដោយសាររអិលគ្រួសដែលទើបឈូសឆាយថ្មី បណ្តាលអោយអ្នករួមដំណើរ ជាជនជាតិចិន៣នាក់ ស្រីម្នាក់ បានរងរបួសធ្ងន់ និងស្រាល ទាំង៣នាក់ ។
បច្ចុប្បន្នរថយន្ដដែលរងគ្រោះ ត្រូវបានក្រុមហ៊ុនចិន មកស្ទូចយកទៅជួសជុលនៅខត្តព្រះសីហនុ ។ ចំណែកជនរងគ្រោះត្រូវបានជួយសង្គ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ៕