សិល្បៈ៖ ថ្វីបើបច្ចុប្បន្ននេះលោក ហេង ប៊ុនលាភ អតីតប្រុសស្អាតចំណាត់ថ្នាក់លេខ២ កាលពីឆ្នាំ២០០១ និងជាតារាចម្រៀងក្នុងផលិតកម្ម «SSB» ពុំសូវរវល់ជាមួយការងារសិល្បៈក៏ពិតមែន ប៉ុន្តែលោកទទួលបានភាពជោគជ័យយ៉ាងខ្លាំងទៅលើមុខជំនួញធំៗជាច្រើនជាពិសេសផ្នែកអចលនៈទ្រព្យ ។
មានទស្សនិកជនមួយចំនួនធំដឹងរួចមកហើយថា ម្ចាស់បទ «ទឹកភ្នែកស្វាមីស្រីឡង់សេ» ខាងលើនេះ កំពុងរស់នៅលើគំនរទ្រព្យសម្បត្តិ និងសាងគ្រួសារដ៏កក់ក្ដៅប្រកបដោយសុភមង្គល បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយាដែលជាកូនស្រីស្រស់សោភារបស់ថៅកែឡូនេសាទម្នាក់នៅខេត្តពោធិ៍សាត់ កាលពីអំឡុងឆ្នាំ២០០៧ ហើយលោកក៏បានផ្អាកការងារសិល្បៈ ស្រវាចាប់យកជំនួញដែលមានចំណូលខ្ពស់ជាងសិល្បៈតែម្ដង ។
យ៉ាងណាមិញ ក៏មានអ្នកគាំទ្រមួយចំនួនផងដែរ ដែលពុំទាន់បានឃើញមុខមាត់ភរិយារបស់លោក ហេង ប៊ុនលាភ ច្បាស់នៅឡើយ ដូចនេះហើយថ្ងៃនេះដែរ លោកក៏បានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងដំណើរកម្សាន្តក្រៅប្រទេសជាមួយភរិយារបស់លោក ឱ្យមហាជនបានស្គាល់ ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលលោក ហេង ប៊ុនលាភ បង្ហាញមុខភរិយាជាសាធារណៈ គ្រាន់តែលើកនេះលោកបង្ហាញឱ្យកាន់តែច្បាស់ជាងពេលមុនៗ ហើយអ្នកគ្រប់គ្នាច្បាស់ជាលាន់មាត់ថា ភរិយារបស់លោក ហេង ប៊ុនលាភ ស្អាតមិនចាញ់តារាសិល្បៈប៉ុន្មានឡើយ ៕
សហការី KBN