ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានជួបប្រជុំដោះស្រាយបញ្ហា ការបាតុកម្មរបស់គ្រូបង្រៀន និងសិស្សសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ នៅសាលប្រជុំធំរបស់វិទ្យាល័យព្រះស៊ីសុវត្ថិ ។
បើតាមលោក ហង់ ជួនណារ៉ុន បានបង្ហើយឲ្យដឹងថា នៅថ្ងៃនេះ នឹងមានការបោះឆ្នោតជាសម្ងាត់ ដើម្បីឲ្យមានការសម្រេចថា តើចង់រក្សាទុកនាយកនៃសាលានេះ ឬត្រូវដូរចេញ ?
លោកបន្តថា ការដោះដូរនឹងសម្រេចទៅតាមសម្លេងឆ្នោតភាគច្រើន របស់គ្រូដែលបង្រៀងនៅសាលាព្រះស៉ីសុវត្ថិ ។
សូមរម្លឹកថា ចាប់តាំងពីរសៀលថ្ងៃទី១៨ កញ្ញា ២០១៨ លោកគ្រូ-អ្នកគ្រូបង្រៀន និងសិស្សជាង២០០នាក់ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ បានប្រមូលផ្តុំធ្វើបាតុកម្ម លើកបដាតវ៉ានៅមាត់ច្រកចូលវិទ្យាល័យព្រះស៊ីសុវត្ថិ ជំទាស់នឹងការដកលោកគ្រូ មូល ស៊ុយហេង ចេញពីនាយកវិទ្យាល័យព្រះស៊ីសុវត្ថិ ព្រមទាំងទាមទារឲ្យក្រសួងអប់រំ ដកសាលាជំនាន់ថ្មី ចេញពីវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោមហេតុផលថា កម្មវិធីនេះនាំឲ្យមានការបែងចែករវាងគ្រូ និងគ្រូ សិស្ស និងសិស្ស ។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បានប្រាប់អោយដឹងថា គោលបំណងរបស់សាលារៀនជំនាន់ថ្មី គឺការបង្កើតសាលារដ្ឋ ដែលរក្សាបានស្តង់ដារ នៃការអប់រំបានខ្ពង់ខ្ពស់បំផុត តាមរយៈការវិនិយោគថវិកាច្រើន និងផ្តោតទៅលើការពង្រឹងតម្លាភាព និងទទួលខុសត្រូវដោយការផ្លាស់ប្តូរវិធីគ្រប់គ្រងសាលា ។ ព្រោះថា ប្រសិនបើមិនមានការទទួលខុសត្រូវក្នុងការគ្រប់គ្រងសាលារៀនទេនោះ សម្ភារបរិក្ខារ ដូចជាបន្ទប់ពិសោធវិទ្យាសាស្ដ្រនឹងមិនត្រូវបានប្រើប្រាស់ឲ្យអស់ពីសមត្ថភាពទេ ពីព្រោះគ្រូបង្រៀនរវល់តែស្វិតស្វាញក្នុងការបង្រៀនគួរយកលុយក្រៅម៉ោងវិញ និងមានភាពលម្អៀងទៅលើសិស្សរៀនគួរជាងសិស្សដែលមិនមានលុយរៀនគួរ ជាដើម ៕