កម្ពុជានិងរុស្ស៊ី ទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពនៃប្រទេសទាំងពីរ។ តាមរយៈកិច្ចព្រមព្រៀងនោះ រុស្ស៊ីបានប្រកាសពីការត្រៀមខ្លួន ជួយជួសជុលនិងធ្វើទំនើបកម្មអាវុធយុទ្ធភណ្ឌ ក៏ដូចជាគ្រឿងបច្ចេកទេសយោធារបស់កងយោធពលខេមរភូមិន្ទ។ សូមជម្រាបជូនថា កិច្ចព្រមព្រៀងយោធារវាងកម្ពុជានិងរុស្ស៊ីនេះ ធ្វើឡើងនៅក្នុងឱកាសគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិព័រណ៍បច្ចេកទេសយោធាអន្ដរជាតិនៅទីក្រុងមូស្គូ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ខែសីហាកន្លងទៅ។
សេចក្ដីប្រកាសត្រៀមខ្លួនជួយជួសជុលនិងធ្វើទំនើបកម្មអាវុធយុទ្ធភណ្ឌ ក៏ដូចជាគ្រឿងបច្ចេកទេសយោធារបស់កងយោធពលខេមរភូមិន្ទ ធ្វើឡើងតាមរយៈអនុរដ្ឋមន្ដ្រីការពារជាតិរុស្ស៊ី លោក Alexander Fomin។ នៅចំពោះមុខគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា លោក Alexander Fomin ក៏បានបង្ហាញពីបំណងចង់ផ្លាស់ប្ដូរបទពិសោធជាមួយកម្ពុជា ក្នុងវិស័យដោះ មីនផងដែរ។ លោកថា រុស្ស៊ីនឹងអញ្ជើញអ្នកជំនាញដោះមីននៃកងយោធពលខេមរភូមិន្ទ ទៅសិក្សាមុខវិជ្ជាដោះមីននៅរុស្ស៊ី នាពេលខាងមុខ។
សូមជម្រាបថា ការលើកឡើងរបស់អនុរដ្ឋមន្ដ្រីការពារជាតិរុស្ស៊ីដូច្នេះ ធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពកម្ពុជានិងរុស្ស៊ី ខណៈគណៈប្រតិភូយោធាកម្ពុជាអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍បច្ចេកទេសយោធាអន្ដរជាតិ នៅទីក្រុងមូស្គូ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ខែសីហាកន្លងទៅ។
សម្រាប់អនុរដ្ឋមន្ដ្រីការពារជាតិរុស្ស៊ី លោក Alexander Fomin ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកម្ពុជា បន្ទាប់ពីប្រទេសទាំងពីរនេះ ភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នានៅឆ្នាំ១៩៥៦។ គួរជម្រាបថា នៅក្នុងវិស័យយោធារយៈពេលជាង៦០ឆ្នាំកន្លងមកនេះ រុស្ស៊ីបានជួយបណ្ដុះបណ្ដាលនាយទាហាននៃកងយោធពលខេមរភូមិន្ទសរុបចំនួន១ពាន់៤រយនាក់ ខណៈនាពេលបច្ចុប្បន្ន មានកងយោធពលខេមរភូមិន្ទចំនួន២៨៩នាក់ទៀត កំពុងសិក្សានៅប្រទេសរុស្ស៊ី។
សូមជម្រាបថា ចាប់តាំងពីមានទំនាក់ទំនងការទូតរវាងគ្នាក្នុងឆ្នាំ១៩៥៦ សូវៀតនិងកម្ពុជា មានទំនាក់ទំនងជាមួយគ្នាក្នុងវិស័យជាច្រើន រាប់តាំងពីអប់រំ វិទ្យាសាស្ត្រ វប្បធម៌ សុខភាព រហូតដល់យោធា។ ទំនាក់ទំនងនេះ ឡើងដល់កម្រិតកំពូលក្នុងទសវត្សឆ្នាំ១៩៨០ នៅពេលដែលសូវៀតផ្ដល់ជំនួយផ្នែកយោធានិងសេដ្ឋកិច្ចទ្រង់ទ្រាយធំដល់កម្ពុជា។ ប៉ុន្តែមកទល់ពេលនេះ សហប្រតិបត្តិការគ្រប់វិស័យរវាងភ្នំពេញមិនមូស្គូ បានធ្លាក់មកនៅក្នុងកម្រិតទាបមកវិញ។ យ៉ាងណាក៏ដោយ នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នាពេលកន្លងមក ប្រមុខដឹកនាំរុស្ស៊ី គឺលោក វ្លាឌីមៀ ពូទីន បានចាត់ទុកកម្ពុជាថា ជាមិត្តចាស់ និងជាដៃគូប្រពៃណីរបស់រុស្ស៊ី៕ ប្រភពពី RFI