ភ្នំពេញៈ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សមាតុភូមិយើង ដែលពេលមុនមិនមានបំណងចង់ចូលរួម នៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ តែក្រោមកចង់ចូលរួមវិញ ក៏ត្រូវសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់នៅព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ ថា សម្ដេចត្រូវតែពិនិត្យលើលក្ខណៈសម្បត្តិរបស់គណបក្សទាំង២នោះជាមុនសិន។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយនឹងកម្មករ-កម្មការិនី នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកមិញ ថា មានគណបក្សចំនួនពីរទៀត ដែលបង្ហាញពីបំណងចង់ចូលរួមជាមួយនឹងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ប៉ុន្តែគណបក្សទាំង២នោះ ត្រូវធ្វើលិខិតស្នើសុំជាផ្លូវការមកកាន់នាយករដ្ឋមន្ត្រី ឲ្យបានត្រឹមត្រូវ មិនមែនបង្ហាញបំណង តែតាមរយៈការនិយាយជាមួយសារព័ត៌មាននោះទេ។
សម្ដេចនាយករដ្ឋមន្រ្ដី បានបន្តថា សម្តេចនឹងត្រូវពិនិត្យគណបក្សទាំងពីរនោះ ថាតើមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមជាមួយឧត្តមក្រុមប្រឹក្សានេះឬយ៉ាងណា? សម្តេចតេជោបានប្រាប់ទៅគណបក្សពីរដែលចង់ចូលរួមជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវធ្វើលិខិតស្នើសុំជាផ្លូវការ។
សម្តេចតេជោ បានមានប្រសាសន៍បន្ដថា៖ “ខ្ញុំស្វាគមន៍ តែមិនមែនប្រើប្រាស់សារព័ត៌មានទេ។ ដូច្នេះអ្នកត្រូវស្នើសុំជាលិខិតផ្លូវការមកនាយករដ្ឋមន្ត្រី។ ប្រសិនបើគណបក្សនយោបាយពីរផ្សេងទៀតចង់ចូលរួម ត្រូវធ្វើលិខិតស្នើសុំឲ្យត្រឹមត្រូវ មិនមែនត្រឹមតែនិយាយជាមួយសារព័ត៌មានគ្រប់គ្រាន់ទេ។…មិនមែនចង់ចូលៗ ចេញៗនោះទេ...។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថា សម្ដេចសង្ឃឹមថា គណបក្សពីរផ្សេងទៀតដែលចង់ចូលរួមបន្ថែមលើគណបក្ស១៦ដែលបានចូលរួមរួចហើយនោះ នឹងយល់អំពីនីតិវិធីរដ្ឋបាល។ អ្នកខ្លះអត់ទាន់ចូលផងថា មិនគួរយកប្រាក់ខែទេ តែសុំជួយឧបត្ថម្ភសម្រាប់គណបក្សនយោបាយ ធ្វើសកម្មភាព។ ត្រង់នេះ សម្តេចបញ្ជាក់ថា ស្រេចតែលោកឯងទេ ទៅជាទម្លាប់ឱ្យរដ្ឋាភិបាលជួយដល់គណបក្សនយោបាយ វាទៅជាអញ្ចុះទៅ!។
សូមជម្រាបថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានផ្តួចផ្តើមបង្កើតឡើង ដោយសម្តេចតេជោនាយករដ្ឋមន្ត្ រីកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២១០៨កន្លងទៅ ដើម្បីពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលជាមួយនឹងគណបក្សនយោបាយនៅក្រៅរដ្ឋសភា ក្នុងន័យដើម្បីផ្តល់ឱកាសឲ្យគណបក្សនយោបាយទាំងអស់បានចូលរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ គឺមានអាយុកាលស្មើនឹងអាណត្តិទី៦របស់រាជរដ្ឋាភិបាល៕