ខេត្តសៀមរាប​៖ បុរសម្នាក់លេងទូរស័ព្ទរហូតរលត់ ក៏ត្រូវកូនស្ដីបន្ទោស ស្រាប់តែកើតនូការអាក់អន់ស្រពន់ចិត្ត រត់ទៅចងកសម្លាប់ខ្លួន ហើយសាកសពត្រូវគេប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ង១០យប់ ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៨ នៅក្នុងភូមិ​ក្រាំង​ខ្ជាយ ឃុំ​សំរោង ស្រុក​សូទ្រនិគម​។​

សមត្ថកិច្ច​មូលដ្ឋាន ​បាន​ឲ្យ​ដឹងថា បុរសដែលគិតខ្លីលួចចងកធ្វើអត្តឃាតនោះ ឈ្មោះ ​ហៃ ប៉ុយ អាយុ​៣៦​ឆ្នាំ មានប្រពន្ធ​ឈ្មោះ ​គ្រុយ ឡាង អាយុ​៣៩​ឆ្នាំ។ ពួកគេទាំង២នាក់ប្ដីប្រពន្ធមានកូន​៤​នាក់ ក្នុងប្រុស​ម្នាក់ រស់ននៅ​ភូមិ​កើតហេតុ​ខាងលើ​។

មន្ត្រីនគរបាលដដែល បានបន្តា មុនពេលកើតហេតុ កូនស្រីរបស់ជនរងគ្រោះម្នាក់ ​ឈ្មោះ កង លាង អាយុ​១៦​ឆ្នាំ ទើបនឹង​ទិញ​ទូរស័ព្ទបានថ្មី ហើយជនរងគ្រោះក៏យកមកលេង​ រហូតអស់ចរន្តអគ្គិសនី​រលត់បើកលែងចេញ។ ឃើញបែបនេះ កូនស្រីរបស់គេក៏ស្ដីឲ្យ ទើបធ្វើឲ្យជនរងគ្រោះមានការអាក់អន់ស្រពន់ចិត្តនឹងកូន ហើយរត់ទៅចងកសម្លាប់ខ្លួនតែម្ដង។

​ក្រោយពេល​កើតហេតុ មន្ត្រីជំនាញស្រុក និងកម្លាំង​នគរបាល​មូលដ្ឋានបាន​ចុះ​ទៅពិនិត្យ និងធ្វើកោសល្យវិច័យ ហើយបញ្ជាក់ថា បើតាមការពិនិត្យ គឺពុំមាន​ស្លាកស្នាម​អ្វីគួរឲ្យសង័្សយថាជាប់​ពាក់ព័ន្ធនឹង​អំពើ​ឃាតកម្ម​នោះឡើយ។ ម្យ៉ាងទៀតបើផ្អែកតាមការបំភ្លឺពី​ប្រពន្ធ ​និង​កូនរបស់​ជនរងគ្រោះ ​សមត្ថកិច្ចបានសន្និដ្ឋាន​ថា ជនរងគ្រោះ​ពិតជា​បានចងកធ្វើ​អត្តឃាតប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ច​បានប្រគល់​សាកសពរបស់ជនរងគ្រោះ​ទៅឲ្យ​ក្រុមគ្រួសារ​ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី​៕ ​