ក្រុងភ្នំពេញ៖ ដោយសំដៅដល់ទំនាក់ទំនងដ៏យូរអង្វែងនិងឥតងាករេ រវាងកម្ពុជា-ចិន ដែលបានភ្ជាប់គ្នាតាំងពីសម័យអតីតមហាវីរៈក្សត្រ មេដឹកនាំកំពូលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីព្រឹកថ្ងៃច័ន្ទទី២ កក្កដា បានថ្លែងអំណរគុណមិត្តចិន ដែលបានចាត់ទុកកម្ពុជាជា«មិត្តដែកថែប»។

សម្តេច ហ៊ុន សែន ចាប់ដៃ លោកស៊ាង ប៉ូ ខណៈឡើងថ្លែងសុន្ទរកថា

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូច្នេះ នៅពេលដែលសម្តេចអញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥ ដែលត្រូវបានសាសង់ដោយហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងរាជធានីភ្នំពេញ នៅកាលពីព្រឹកមិញនេះ។

ស្ពានអាកាសទី៥ ដែលជាសញាបនមិត្តភាពក្ពុជា ចិន សែន សុខ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ថ្លែងនៅចំពោះមុខឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក ស៊ាង ប៉ូ ដែលបានចូលរួមសម្ពោធស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខផ្សារដីហុយនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំសូមអរគុណមិត្តចិន ដែលមានសម្ព័ន្ឋភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា និងបានចាត់ទុកកម្ពុជាជាមិត្តដែកថែប និងជាដៃគូយុទ្ឋសាស្រ្តដ៏សំខាន់របស់មិត្តចិន»។

សម្តេចហ៊ុន សែន បានថ្លែងបន្តថា៖ «ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណដល់រដ្ឋាភិបាលនិងប្រជាជនចិន ដែលបានជួយកម្ពុជា រួមទាំងជំនួយហរញ្ញប្បទានដែលបានយកមកកសាងស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ថ្ងៃនេះ»។


នៅក្នុងសុន្ទរកថាបើក របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ (ស្ពានអាកាសផ្សារដីហុយ) មានបណ្ដោយប្រវែង ៩៤២ ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) ចំណាយថវិកាសាងសង់សរុបប្រមាណ ១៧ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន ទីប្រឹក្សាសំណង់ ក្វាងចូវវ៉ានអាន (Guangzhou Wanan Contructiontion Supervision Co., Ltd) ដោយប្រើរយៈពេលសាងសង់ចំនួន២៤ខែ។


ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនចិនដែលជានិច្ចជាកាលតែងតែផ្ដល់ជំនួយទាំងហិរិញ្ញវត្ថុ និងបច្ចេកទេសដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅព្រះរាជាណាចក្រកម្ពុជា។


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ឱ្យចូលរួមថែរក្សាសម្បត្តិដ៏មានតម្លៃវិសេសវិសាលនេះផងដែរ៕ អ៊ឹម សុនាថ