សិល្បៈ៖ រយៈពេលពីរថ្ងៃMV បទចម្រៀង “ក្បត់ក៏បានមិនក្បត់ក៏បាន” របស់ផលិតកម្ម សាស្តា ដែលច្រៀងដោយកញ្ញា អេនណា កំពុងល្បីខ្លាំង ដែលមានទាំងអ្នករិះគន់ និងអ្នកគាំទ្រ ហេតុដូច្នេះហើយទើបនៅពេលនេះលោក អ៊ុក រតនា អ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្ម សាស្តា បានចេញមុខផ្តល់បទសម្ភាសសុំទោសទស្សនិកជន រាល់កំហុសឆ្គង ក្នុងការផលិត MV ដែលធ្វើឱ្យ ប៉ះពាល់អារម្មណ៍ទស្សនិកជន។

នេះគឺជាសម្តីរបស់លោក អ៊ុក រតនា “ខ្ញុំបាទ អ៊ុក រតនា ជាអ្នកគ្រប់គ្រងក្នុងផលិតកម្ម សាស្ដា សូមគោរពអរគុណដល់បងប្អូនពុកម៉ែដែលបានតាមដានទស្សនាក្នុងសង្គមហ្វេសប៊ុក យូធូប ព្រមទាំងគាំទ្របទចម្រៀង និងការខមិនរិះគន់ ដើម្បីកែប្រែក្នុងការផលិត MV ដែលមានឈុតឆាករូបភាពសិចស៊ី ហើយរូបខ្ញុំបាទគ្មានចេតនាធ្វើឲ្យប៉ះពាល់ដល់សិល្បៈវប្បធម៍ប្រពៃណីជាតិខ្មែរយើងដ៏ផូរផង់នោះទេ ខ្ញុំបាទនិងក្រុមការងាររបស់ផលិតកម្ម សាស្តា ទាំងអស់ នឹងធ្វើការកែប្រែរូបភាពឆ្គាំឆ្គងណាដែលធ្វើឲ្យប៉ះពាល់ដល់សិល្បៈវប្បធម៌ប្រពៃណីជាតិខ្មែរយើងដ៏ផូរផង់នោះចេញ ដូច្នោះហើយសូមបងប្អូនពុកម៉ែមេត្តាអនុគ្រោះដល់ក្រុមហ៊ុន សាស្តា យើងខ្ញុំផង។ សង្ឃឹមថាបងប្អូនពុកម៉ែ និងជួយគាំទ្ររាល់ការផលិត MV លើកក្រោយៗក៏ដូចជាការរិះគន់ ដើម្បីស្ថាបនាកែប្រែរូបភាព។ សូមអរគុណ បងប្អូនពុកម៉ែជាទីស្រលាញ់ និងជាទីគោរពរាប់អានពីខ្ញុំបាទដោយអនុគ្រោះ” ៕