កាលពីថ្មីៗនេះ តារាចម្រៀងដ៏ល្បី ប្រចាំផលិតកម្មហង្ស មាស អ្នកនាង ពេជ្រ សោភា បាន Live វីដេអូផ្ទាល់នៅក្នុង គណនីហ្វេសប៊ូករបស់អ្នកនាងផ្ទាល់ ដោយអ្នកនាងបានថត ការសន្ទនារវាងអ្នកនាង និងលោកសង្ឃមួយអង្គ ដែលបានទូរស័ព្ទ មករំខានបងស្រីនាង ហើយព្យាយាមចង់ជួបនាង និងបានណាត់នាងទៅហូបបាយទៀតផង ដែលនេះអ្នកនាងចង់បង្ហាញប្រាប់ ទៅអ្នកគាំទ្ររបស់អ្នកនាងថា ព្រះសង្ឃមួយចំនួន បានប្រព្រឹត្តិខុសវិន័យរបស់ព្រះពុទ្ធសាសនា យ៉ាងធ្ងន់ធ្ងរ ដែលនេះជាការធ្វើឲ្យប៉ះពាល់ ដល់វិស័យព្រះពុទ្ធសាសនា យ៉ាងខ្លាំងផងដែរ ។

ខណៈពេលដែលកំពុងតែ ឡាយវីដេអូនោះផងដែរ អ្នកនាងបានបើកសម្លេងខ្លាំងៗ ដើម្បីឲ្យអ្នកគាំទ្រនាងទាំងអស់ ជួយស្តាប់និងគិតពិចារណាថា តើនេះជាលោកពិតប្រាកដ ឬជាលោកក្លែងក្លាយ ហើយនាងក៏បានចោទទៅកាន់ ម្ចាស់សម្លេងនៅក្នុងទូរស័ព្ទនោះថា ជាអ្នកបន្លំធ្វើជាសង្ឃ ដើម្បីឲ្យខូចព្រះពុទ្ធសាសនាផងដែរ ។

យោងតាមការសម្ភាសន៍មួយ រវាងសារព័ត៌មាននគរធំ និងអ្នកនាង ពេជ្រ សោភា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ អ្នកនាងពេជ្រ សោភា ក៏បានរៀបរាប់ប្រាប់ថា “លេខដែលលោកតេចូលហ្នឹង តេមកលេខបងស្រីខ្ញុំ និយាយរួមទៅ លោកហ្នឹងចង់បានលេខខ្ញុំ រហូតដល់បងខ្ញុំមិនឱ្យអ៊ីចឹងទៅ គាត់ថា បើមិនឱ្យលេខពេជ្រ សោភា ទៅគាត់ទេ គាត់ទូរស័ព្ទអ៊ីចឹងរហូត ជួលកាលប្តីប្រពន្ធគេ នៅជាមួយគ្នា សួរគេធ្វើអីខ្លះ? ហើយមិនមែនធម្មតា ម៉ោងបីម៉ោងបួន គាត់មកពីច្រៀងជាមួយខ្ញុំដល់ផ្ទះ យើងមិនគេងហើយៗគាត់តេរំខាន អ៊ីចឹងៗ។

សម្រាប់ខ្ញុំមានពេលខ្លះ ខ្ញុំធ្លាប់លើកជំនួសបងស្រីខ្ញុំដែរ ខ្ញុំសួរថា តេជគុណមានការអីគេដែរ ស្រាប់តែលោកឆ្លើយមកថា ស្តាប់បទចម្រៀងរាល់ថ្ងៃ ចង់ឱ្យករុណាច្រៀងឱ្យស្តាប់។ ខ្ញុំថតសំឡេងទុកទៀត ខ្ញុំថា អ៊ីចឹងៗអត់ល្អ សម្រាប់ខ្ញុំផ្ទាល់មិនមែនខ្ញុំចង់បញ្ចោញព័ត៌មាន អ៊ីចឹងទេ ដោយសារតែមួយរយៈហ្នឹង នៅលើហ្វេសប៊ុកអត់មានប្រធានបទអីទេ បើកហ្វេសប៊ុកឃើញតែរឿងឥតប្រយោជន៍ ហើយអាសូរតែរឿងពាក់ព័ន្ធអី វាអត់មានអីមើលសោះតែម្តង។

ពេលគាត់តេមកអ៊ីចឹង គាត់ធ្វើអ៊ីចឹង សួរថា ខូចអីគេ? ខ្ញុំនិយាយឱ្យត្រង់ យើងត្រូវចាំ យើងបួសហើយ យើងឱ្យស្ងប់ទៅ សម្រាប់ខ្ញុំ កុំសង្ឃឹមថា អ្នកឯងមានស្អីប៉ុនណាក៏ដោយ អ្នកឯងបួសធ្វើជាលោក ហើយកុំមករញ៉េរញ៉ៃជាមួយខ្ញុំ។ និយាយរួម លោកហ្នឹងចេញមកញ៉ែ តែម្តងឆាប់ចប់។ សម្រាប់ខ្ញុំៗទទួលស្គាល់ថា ខ្ញុំអ្នក Church នៅយេស៊ូ ខ្ញុំនិយាយត្រង់ ប៉ុន្តែសម្រាប់ខ្ញុំរស់នៅបច្ចុប្បន្នរាល់ថ្ងៃ ឃើញប៉ុន្មានករណីហើយៗចង់និយាយថា មានលោកខ្លះ លោកល្អ តែដល់ប៉ុន្មានអង្គទៀតធ្វើឱ្យគេវ៉ៃតម្លៃ ទៅលើរឿងហ្នឹងថា លោកមិនគួរឱ្យទុកចិត្តទេ ដល់អ៊ីចឹងទៅ ព្រះពុទ្ធសាសនា អ្នកខ្លះថា លែងចង់ធ្វើបុណ្យហើយ”៕