សិល្បៈ៖ យុវវ័យស្រីប្រុស វ័យក្មេងមួយក្រុម បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ជាច្រើននាក់ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញពួកគេ តុបតែងខ្លួនក្នុងសម្លៀកបំពាក់ បែបបុរាណនាសម័យហ្លួង ព្រះសុីសុវត្ថិ ក្នុងថ្ងៃទទួលសញ្ញាបត្រ ។

នៅក្នុងកម្រងរូបភាពដ៏គួរឲ្យទាក់ទាញជាច្រើនសន្លឹកនោះ ត្រូវបានម្ចាស់គណនីហ្វេសប៊ុក ដែលបានបង្ហោះរៀបរាប់ថា “រូបភាពដែលធ្លាប់ស្រម៉ៃ ឥលូវបានក្លាយទៅជាការពិតហេីយ ស្រលាញ់ណាស់ កម្រងអនុស្សាវរិយ៍ដ៏មានអត្ថន័យ របស់ពួកខ្ញុំ រយៈពេល៤ឆ្នាំ ដែលបានសិក្សាជាមួយគ្នា មានគ្រប់រសជាតិរៀបរាប់មិនអស់ទេ។ អ្វីដែលសំខាន់បំផុត គឺចង់អរគុណចំពោះ ឪពុកម្ដាយ របស់ពួកខ្ញុំទាំងអស់គ្នា ដែលបានបីបាច់ថែរក្សានិងផ្គត់ផ្គង់ ដល់ពួកយេីងទាំងអស់គ្នា។

ហេីយសុំអភ័យទោសផង ចំពោះសម្លៀកបំពាក់ បេីសិនជាលើសលួស រឺក៏ខ្វះខាតត្រង់ចំណុចណា។ អរគុណក្រុមសិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី សម្រាប់ក្បិន​ និងអាវស្រីៗ។ ឈុតហ្លួងព្រះសុីសុវត្ថិ នេះគឺជាការស្រលាញ់ និងចង់បង្ហាញថាឈុតប្រពៃណីខ្មែរយេីង គឺស្រស់ស្អាតខ្លាំងណាស់ Cambodia ?? “។

ជាក់ស្ដែង កម្រងរូបភាពស្រស់ស្អាត ប្លែកភ្នែកទាំងនោះ ត្រូវបានគេចែកចាយជាបន្តបន្ទាប់ ដោយមានមតិភាគច្រើន គឺសរសើរនឹងភាពច្នៃប្រឌិតរបស់ពួកគេ។ គួរបញ្ជាក់ដែរថា យុវវ័យស្រីប្រុសទាំងនោះ ជានិស្សតិបញ្ចប់ការសិក្សាផ្នែក Design នៅសាលា SETEC ហើយគោលបំណង ដែលពួកគេសម្រេចចិត្ត តុបតែងបុរាណបែបនេះ ព្រោះតែកើតចេញពីការ ស្រលាញ់និងចង់បង្ហាញថា ឈុតប្រពៃណីខ្មែរ គឺពិតជាស្រស់ស្អាតមិនធម្មតាឡើយ។