ភ្នំពេញ៖ បុរសម្នាក់រួម និងស្ត្រី ៣នាក់ទៀតជាជនជាតិចិន កំពុងតែដើរសំដៅទៅសណ្ឋាគារសាន់វេត្រូវជនសង្ស័យ២នាក់ជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់កាបូបបានសម្រេច អស់ទូរស័ព្ទដៃ ១គ្រឿងម៉ាក iPhone 6 និងលុយជាង ១០០ដុល្លារ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១២២៨កែងផ្លូវ៦៧នៅចំណុចម្តុំផ្សារថ្មី សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។

​សាក្សីដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនជាតិចិន ៤នាក់ ក្នុងនោះមានស្រី ៣នាក់ និងបុរសម្នាក់ កំពុងតែដើរនៅលើផ្លូវ១២៨ គោលបំនង
​ដើរទៅសណ្ឋាគារសាន់វេ ។

ខណៈពេលគាត់ដើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូ ២គ្រឿង មួយគ្រឿងម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ ស៊៣រី២០១៨ អត់មានស្លាកលេខ និងមួយគ្រឿងទៀតម៉ាក SL​​ មិនចាំពណ៌ មិនចាំស្លាកលេខ ដោយម៉ូតូហុងដាឌ្រីម​បានជិះទៅជិតជនរងគ្រោះ រួចក៏ធ្វើសកម្មភាពឆក់កាបូបស្ត្រីរងគ្រោះ បានសម្រេច ហើយជិះម៉ូតូរត់គេចខ្លួនត្រូវបានអ្នកឃើញហេតុការណ៍ជិះដេញតាមពីក្រោយ ​ប៉ុន្តែដោយសារជនសង្ស័យបើកលឿនពេក​តាមអត់ទាន់ ។

នៅក្នុងកាបូបរបស់ជនរងគ្រោះ ដែលជនសង្ស័យឆក់យកទៅបាត់នោះ មានលុយ ​​១០០ដុលល្លារ ទូរស័ព្ទដៃ ១គ្រឿងម៉ាក iPhone 6មួយគ្រឿង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី២ ដើម្បីឱ្យសមត្ថកិច្ចតាមចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕