ខេត្តតាកែវ÷ យុវជនម្នាក់បាននាំស្រីស្នេហ៍របស់ខ្លួនដើរលួចម៉ូតូ ក៏លួចបានសម្រេចដូចបំណង តែត្រូវសមត្ថកិច្ចដេញតាមស្ទាក់គ្រប់ច្រកល្ហក រហូតឃាត់ខ្លួនបាន កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិ​ក្បាល​ពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង។

មន្ត្រីនគរបាលក្រុងដូនកែវ បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនខ្លួននោះ ទី១-ឈ្មោះ ឈៀង ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអូរឌឹម សង្កាត់ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ប្រាក់ ធីតា ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិពង្រ សង្កាត់ទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រីឯម៉ូតូដែលពួកគេលួចបាននោះ ម៉ាកហុងដា ZOOMER-X ពណ៌ទឹកក្រូច​លាយ​ស ពាក់ស្លាកលេខ ភ្នំពេញ 1GI-6200 ជារបស់កម្មសិទ្ធិរបស់ឈ្មោះ កែវ រស្មី ភេទប្រុស អាយុ​៥០ឆ្នាំ រស់នៅភូមិ​ចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

មន្ត្រីនគរបាលដដែល បានបន្តថា មុនពេលកើហេតុ ជនរងគ្រោះបានជិះម៉ូតូ ម៉ាកហុងដា ZOOMER-X ពណ៌ទឹកក្រូច​លាយ​ស ពាក់ស្លាក​លេខ ភ្នំពេញ 1GI-6200 មករកទិញម្ហូប និងបន្លែ នៅក្នុងផ្សារណាត់ ស្ថិតក្នុងភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ លុះពេលទៅដល់ទីនោះ គាត់បានចតទុក និងចាក់សោកយ៉ាងត្រឹមត្រូវ ហើយដើរចូលទៅក្នុងផ្សារបាត់ទៅ ស្រាប់តែជនសង្ស័យទាំង២​នាក់បានចូលទៅកាច់កលួច ជិះគេចខ្លួនបាត់។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីចេញពីផ្សារមកវិញ ជនរងគ្រោះបានដើរមកម៉ូតូរបស់ខ្លួន ស្រាប់តែរកម៉ូតូមិនឃើញ ក៏បង្កឲ្យភ្ញាក់ផ្អើលឆោឡោឡើង និងរាយការណ៍ទៅសមត្ថកិច្ច។ ក្រោយពេលទទួលបានព័ត៌មានបែបននេះភ្លាម លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះសហការជាមួយ​កម្លាំង​អធិការដ្ឋាននគរបាលក្រុងដូនកែវ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង ចេញធ្វើអន្តរាគមន៍ ល្បាតពួន​ស្ទាក់​គ្រប់ច្រកល្ហក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាន នៅក្នុងភូមិ​ក្បាល​ពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។

ក្រោយពេលឃាត់ខ្លួនបាន សមត្ថកិច្ចបាននាំជនសង័្សយ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលកុ្រងដូនកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿង​បញ្ជូន​ទៅកាន់សាលាដំបូងខេត្តតាកែវ ។ ដោយឡែកម៉ូតូដែលដកហូតបាន សមត្ថកិច្ចយើងបានប្រគល់ជូនម្ចាស់ដើម៕