ភ្នំពេញ៖ ​បុរសម្នាក់ជាជនជាតិបរទេស​អត់ស្រួលខ្លួន ចូលទៅម៉ាស្សានៅហាងយីហោបែបបុរាណខ្មែរ ខណៈពេលចេញមលវិញ បម្រុងនឹងគិតលុយឱ្យយកកាបូបមកមើលបាត់លុយអស់ចំនួន ១០០០ដុល្លារ ផ្អើលទៅដល់សមត្ថកិច្ចចុះមកឃាត់ខ្លួនស្ត្រីម៉ាស្សាយកទៅសួរនាំ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១៥នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សាយីហោបែបបុរាណខ្មែរ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជាជនជាតិបរទេស មិនស្គាល់អត្តសញ្ញាណវ័យជាង ២០ឆ្នាំ មិនដឹងថាគាត់ដើរមកពីណានោះទេ សង្ស័យអត់សូវស្រួលហើយមើលទៅ បានជាចូលទៅម៉ាស្សានៅក្នុងកន្លែងម៉ាស្សាយីហោ​បែបបុរាណខ្មែរ ។

ពេលចូលទៅម៉ាស្សាបុគ្គលិកម៉ាស្សា ក៏ប្រាប់ជនជាតិបរទេសនោះថា ឱ្យគាត់ដោះខោអាវចេញទៅដើម្បីស្រួលម៉ាស្សា លុះពេលដែលជនជាតិបរទេសនោះម៉ាស្សាហើយ ដើរចេញមកវិញបម្រុង នឹងដកកាបូបគិតលុយ តែពេលមើលឆែកកាបូបមើល​បាត់លុយនៅក្នុងកាបូបរបស់គាត់ចំនួន ១០០០ដុល្លារ ។

ភ្លាមៗនោះដែលជនជាតិបរទេសក៏បានស្រែកឆោឡោផ្អើលទៅដល់សមត្ថកិច្ច ចុះមកអន្តរាគមន៍សួរនាំនិងឃាត់ខ្លួនស្ត្រីជាអ្នកម៉ាស្សាឱ្យជនជាតិបរទេសយកទៅអធិការនគរបាលខណ្ឌដូនពេញដើម្បីសួរនាំជាបន្តទៀត ។
ក្រោយពេលកើតហេតុ ជនជាតិបរទេសក៏បានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវរកលុយរបស់គាត់មកវិញ ៕