​បុរសជាសន្តិសុខឯកជនបីនាក់ ត្រូវក្រុមអ្នកស្ទាក់ផ្លូវ ហៅម៉ូយកាក់ឲ្យចូល ទៅផឹកស៊ីច្រៀងខារ៉ាអូខេ​ យីហោម៉ាន់នី KTV ដោយប្រាប់ថា ស្រាបៀរមួយឈុត២០ដុល្លារ លុះដល់ពេលគិតលុយ​អស់រហូតដល់ទៅ ៥៨​ម៉ឺនរៀល ខឹងពេកប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ ​បង្កអោយមានការភ្ញាក់ផ្អើល​ ដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង ១១​យប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ត្រង់ចំណុច ហាងខារ៉ាអូខេយីហោ ម៉ាន់នីKTV តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

បើតាមសម្តីពីបុរសម្នាក់ មានឈ្មោះ សុខ ជា អាយុ២៣ឆ្នាំ ជាសន្តិសុខឯកជន ស្នាក់នៅម្តុំអាកាសយន្តដ្ឋាន ភ្នំពេញអន្តរជាតិពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ​ ជាភ្ញៀវម្នាក់ ក្នុងចំណោមបីនាក់ បានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ទាំងបីនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ​ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AC-4424 ​ទើបតែជិះចេញពីកន្លែងធ្វើការ នៅម្តុំវិទ្យាល័យសន្ធរម៉ុក គោលបំណងជិះត្រលប់ ទៅផ្ទះវិញនៅម្តុំពោធិ៍តុង​ ​បានធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីកើតទៅលិច។

លុះ​ពេល​មកដល់ចំណុច កើតហេតុស្រាប់តែ មានបុរសពីរទៅបីនាក់ បានរត់ចេញមកពីក្នុងហាង មកកាក់ពីខាងមុខ ម៉ូតូរបស់ពួកគាត់ បានហៅពួកគាត់ ឲ្យចូលទៅផឹក នៅខាងក្នុងហាងកើតហេតុខាងលើ ដោយប្រាប់ថា ស្រាបៀរមួយឈុត តែ២៨ដុល្លារនេះទេ។ ពេលនោះពួកគាត់ ក៏បានប្រកែក មិនព្រមចូលនោះទេ បន្ទាប់មកបុរស ដែលបានរត់មកស្ទាក់ ពួកគាត់បានបញ្ចុះតម្លៃត្រឹម២៥ដុល្លារ រហូតនៅសល់តែ២០ដុល្លារ ក្នុងមួយឈុត ​មានស្រាបៀរមួយកេះ និងសាច់ក្លែមបួនមុខ ហើយ​សាច់ក្លែម បួនមុខនោះមាន សណ្តែកដីមួយចាន ស្វាយក្រឡុកមួយចាន ប្រហិតក្តាមមួយចាន និងសាច់ប៉ាត់តេមួយចាន។

ប្រភពដដែលបន្តថា ពេលនោះដោយ ពួកគាត់គិតថា តម្លៃថោកគួរសមដែរ ក៏សម្រេចចិត្តនាំគ្នា ចូលទៅផឹកស៊ីច្រៀងលេងកំសាន្ត នៅក្នុងហាងកើតហេតុខាងលើ ដោយបានយកនារីបម្រើការ នៅក្នុងនោះ មកអង្គុយជាមួយ ចំនួនបីនាក់ផងដែរ។ លុះដល់ពេលផឹកអស់ ​ជិតកន្លះកេស ក៏ស្រាប់តែមានអ្នករត់តុ លើកសាច់ក្លែម មកឲ្យពួកគាត់បីទៅបួនចាន បន្ថែមទៀត។

ពេលនោះ ពួកគាត់ក៏បានសួរ ទៅអ្នករត់តុថា គាត់មិនបានហៅ សាច់ក្លែមទាំងនេះទេ ម៉េចក៏​យកមក ​អ្នករត់តុក៏បាន ឆ្លើយមកវិញថា អត់អីទេបង គឺសាច់ក្លែមទាំងនេះ Free ទេបង។ ដោយ​ឃើញសភាពមិនស្រួល ពួកគាត់ក៏បាន ឲ្យអ្នករត់តុគិតលុយ មួយសន្ទុះក្រោយមក អ្នករត់តុក៏បានចេញបុងមក ឲ្យពួកគាត់ គឺអស់រហូតទៅដល់​៥៨​ម៉ឺនរៀលឯណោះ ​តែគាត់មិនបានមើលថា គេគិតទៅលើអ្វីខ្លះនោះទេ។ ដោយសារតម្លៃនេះ គឺលើសពីតម្លៃ ដែលពួកគាត់បាននិយាយ តថ្លៃគ្នាជាមួយ និងបុគ្គលិកដែលបម្រើការ នៅក្នុងហាងនោះ ពីមុនពេលចូលផឹកស៊ី ​ក្នុងមួយឈុត​តម្លៃតែ២០ដុល្លារនោះទេ។

ប្រភពដដែលបន្តទៀតថា បន្ទាប់មកពួកគាត់ ប្រកែកមិនព្រមបង់លុយ ទៅឲ្យម្ចាស់ហាងនោះទេ ​ស្រាប់តែមានបុរសបួន ទៅប្រាំនាក់ បានមកជេរដៀល និងគំរាមវាយទៅលើពួកគាត់ប្រសិនបើ មិនព្រមបង់លុយ ឲ្យទៅតាមបុង ដែលបានចេញមកហើយ រួមទាំងយកម៉ូតូរបស់ពួកគា ត់ទៅទុកនៅក្នុងហាង ថែមទៀតផង ។ ទោះបីជាពួកគាត់ ព្រមសម្រួលបង់លុយ ឲ្យចំនួន៣០ម៉ឺនរៀល យ៉ាងណាក៏ដោយ ក៏ខាងម្ចាស់ហាង កើតហេតុខាងលើ មិនព្រមឲ្យពួកគាត់ ចេញទៅនោះទេ។

ភ្លាមៗនោះ ពួកគាត់ក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន អោយចុះមកធ្វើការអន្តរាគមន៍ ភ្លាមៗតែម្តង។ ខណៈពេលដែល សមត្ថកិច្ចមូលដ្ឋានចុះមកដល់ ស្រាប់តែខាងម្ចាស់ហាង បានចេញបុងថ្មីមួយទៀត ដែលអស់តម្លៃ៥០ដុល្លារ ក្នុងស្រាបៀរមួយកេះ តម្លៃ២០ដុល្លារ និងសាច់ក្លែមបួនចានទៀត អស់ចំនួន៣០ដុល្លារ។ ចំណែកឯខាងភាគី ម្ចាស់ហាងកើតហេតុខាងលើ មិនបានចេញមុខ មកប្រាប់អោយដឹងច្បាស់ ជុំវិញ​ករណីខាងលើនេះ​ទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បាននាំជនរងគ្រោះ ដែលជាភ្ញៀវនិងបុរសម្នាក់ ដែលជាបុគ្គលិកបម្រើការ នៅក្នុងហាងកើតហេតុខាងលើ ទៅធ្វើការដោះស្រាយគ្នា នៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ទើបភាគីខាងហាងខារ៉ាអូខេ កើតហេតុខាងលើ ​ព្រមទទួលយកប្រាក់ពីភាគី ខាងជនរងគ្រោះ ដែលជាភ្ញៀវចំនួន២០ដុល្លារ ដើម្បីបញ្ចប់រឿង នៅប៉ុស្តិ៍ ដោយឡែកម្ចាស់ហាងខាងលើ ត្រូវសមត្ថកិច្ចតម្រូវឲ្យធ្វើកិច្ចសន្យា ឲ្យឈប់ធ្វើសកម្មភាព បែបនេះទៅលើភ្ញៀវដទៃទៀត បើ​មិនដូច្នេះ សមត្ថកិច្ចនិងធ្វើការចាត់ការ ទៅតាមនីតិវិធី​ ៕