ខេត្តបាត់ដំបង​៖​ យុវជនទំនើងម្នាក់បានលបលួចចូលផ្ទះអ្នកស្រុក យកកាំបិតភ្ជង់គំរាមក្មេងស្រីអាយុ១០ឆ្នាំម្នាក់ដែលកំពុងដេកលក់ ហើយប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ តែអស់លក្ខណ៍ ត្រូវអ្នកភូមិមកទាន់ នាំគ្នាដេញចាប់ តាំងពីក្រុម​ទី​១៣​ ភូមិ​វត្ត​តា​មិម​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ រហូតដល់ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ទើបចាប់បាន រួចនាំគ្នាវាយបែកមុខមាត់ មុននឹងប្រគល់ខ្លួនទៅឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង​១២ និង៣០នាទីរសៀល ថ្ងៃ​អង្គា​រ​ ១​កើត​ ខែជេស្ឋ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០១៨​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវករណីចាប់រំលោភសេពសន្ថវៈនោះ ឪពុកម្ដាយរបស់ក្មេងស្រីរងគ្រោះ បានទៅធ្វើការងារអស់ ហើយនាងក៏បានដេកយ៉ាងលង់លក់ នៅក្នុងផ្ទះរបស់នាង។ លុះមកដល់វេលាម៉ោងជាង១២រសៀល ស្រាប់តែលេចមុខជនសង្ស័យ បើកទ្វារចូលទៅក្នុងផ្ទះរបស់នាង ហើយដកកាំបិតភ្ជង់ និងគំរាមចាប់រំលោភសេពសន្ថ​វៈ ដោយយកកាំបិតកាត់ខោអាវរបស់នាង បណ្ដាលឲ្យរហែកដោយអន្លើៗ។

ស្របពេលជនសង្ស័យកំពុងតែធ្វើសកម្មភាពនោះ អ្នកជិតខាងក៏បានចូលទៅដល់ ធ្វើឲ្យជន​សង្ស័យមានអារម្មណ៍ភិតភ័យ ហើយរត់ឡើងលើម៉ូតូជិះគេចខ្លួន។ ភ្លាមៗនោះ អ្នកភូមិបានដេញចាប់ជនសង្ស័យ តាំងពីភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ រហូតដល់ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទើបព័ទ្ធចាប់បាន និងស្វាគមន៍ម្នាក់មួយ​ដៃ​មួយជើង បណ្ដាលឲ្យរងរបួសធ្ងន់។

មន្ត្រីនគរបាលស្រុកសង្កែ បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ វ៉ា​ន់​ គឹ​ម​ស្រស់​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ល ស ល អាយុ​១០​ឆ្នាំ​ មាន​លំនៅ​ក្នុងឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​។

ក្រោយពេលប្រជាពលរដ្ឋឃាត់ខ្លួនបាន សមត្ថកិច្ចបានចុះទៅនាំខ្លួនជនសង្ស័យមកសាកសួរ ហើយបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសង្កែ ដែលជាកន្លែងកើតហេតុ ដើម្បីចាត់ការបន្តតាមនីតិវិធី៕