ខេត្តកណ្តាល៖ បុរសល្មោភកាមម្នាក់បានចាប់ក្មេងស្រីអាយុ៨ឆ្នាំ រំលោភសេពសន្ថវៈបានសម្រេចជាបន្តបន្ទាប់ ទើបចុងក្រោយនាងយករឿងរ៉ាវដ៏អាស្រូវនោះ ទៅប្រាប់អ្នកជិតខាង ហើយនាំទៅដាក់ពាក្យបណ្ដឹង ក៏ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង៦ និង៣០​នាទី​ព្រលប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីអំឡុងចុងឆ្នាំ២០១៧ (មិនចាំថ្ងៃ ខែ) ម្ដាយក្មេងស្រីរងគ្រោះបានទៅធ្វើការងារ​បាត់ ហើយទុកកូនស្រីរបស់ខ្លួនឲ្យនៅចាំផ្ទះ។ ឃើញប្រពន្ធមិននៅបែបនេះ ជនសង័្សយមានឱកាសល្អ ក៏ចាប់កូនស្រីរបស់ប្ដីដើមរំលោភសេពសន្ថវៈរហូតបានសម្រេច ហើយគំរាមក្មេងស្រីរងគ្រោះមិនឲ្យយករឿងអាស្រូវរបស់ខ្លួនទៅប្រាប់ម្ដាយរបស់នាង និងអ្នកដទៃ ប្រសិនបើធ្វើឲ្យរឿងចាប់រំលោភនោះបែកធ្លាយ គេនឹងសម្លាប់ចោល។

ប្រភពព័ត៌មានដដែល​ បានបន្តថា ដោយសារតែការភ័យខ្លាច ក្មេងស្រីរងគ្រោះក៏ចេះតែលាក់ទុករឿងដែលឪពុកចុងរបស់នាងបំពារបំពានលើរាងកាយនាង ទុកនៅក្នុងចិត្តទាំងការឈឺចាប់រហូតមក។ លុះមកដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ឪពុកចុងចិត្តតិរច្ឆានរូបនេះក៏បានបន្តចាប់នាងរំលោភសេពសន្ថវៈសម្រេចចំនួន២លើក ហើយគំរាមនាងដូចលើកមុនៗដដែល។ រហូតមកដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យបានចាប់នាងរំលោភសេពសន្ថវៈបានសម្រេចម្តងទៀត។

ប្រភពព័ត៌មានដដែល បានបន្តថា ដោយសារតែក្មេងស្រីរងគ្រោះ​បានរងនូវការឈឺចាប់យ៉ាងខ្លាំង រហូតមិនអាចទ្រាំបាន ទើបនៅវេលាម៉ោង​៨ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នាងបានចេញលេងផ្ទះរបស់អ្នកជិតខាង ហើយរៀបរាប់ពីសកម្មភាពរបស់ឪពុកចុងចាប់រំលោភនាង តាមដំណើររឿងដែលបានកើតឡើង។ បន្ទាប់ពីដឹងរឿងរ៉ាវអស់សព្វគ្រប់ហើយ អ្នកជិតខាងនោះក៏បាននាំក្មេងរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត ដើម្បីសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យក្មេងស្រីរងគ្រោះ។

មន្រ្ដីនគរបាលស្រុកពញាឮ បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីរំលោភកូនស្រីរបស់ប្ដីដើម​ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ហង្ស វ៉ន ហៅតួ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករសំណង់ មានលំនៅក្នុងភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ជ ម អាយុ៨ឆ្នាំ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុករបស់ជនសង័្សយ។

ក្រោយពេលទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម មន្រ្ដីជំនាញស្រុក និងនគរបាលមូលដ្ឋានបានចុះទៅ​ឃាត់ខ្លួនជនសង័្សយ នាំទៅកាន់អធិការដ្ឋាននគបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្តន្ទាទោសតាមច្បាប់៕