ខេត្តរតនគិរី៖ បុរសល្មោភម្នាក់បានចាប់រំលោភកូនស្រីរបស់ប្ដីដើម ទើបនឹងមានអាយុ៩ឆ្នាំ បានសម្រេច២ដង ក៏បែកការដឹងដល់សាច់ញាតិ ប្ដឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួន កាលពីវេលាព្រឹក ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់។

បើតាមសម្ដីអ៊ំប្រុសរបស់ជនរងគ្រោះ ឈ្មោះ ជាំ​ ភេត អាយុ៣៥ឆ្នាំ ជនជាតិទំពួន រស់នៅភូមិឃុំខាងលើ បានឲ្យដឹងថា កាលពីវេលាម៉ោង​១១ព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យបានចាប់រំលោភក្មួយស្រីរបស់គាត់ តែចៃដន្យ គាត់បានទៅទាន់ ទើបជនសង័្សយបានរត់គេចខ្លួន ។ បន្ទាប់មកគាត់បានសាកសួរក្មួយស្រីរបស់គាត់ ដើម្បីចង់ដឹងពីរឿងរ៉ាវបន្ថែមទៀត។ នៅពេលនោះ ក្មួយស្រីរបស់គាត់បានឆ្លើយថា កាលពី២ខែមុន ឪពុកចុងរបស់នាងបានចាប់រំលោភនាង នៅក្នុងរបស់ឈ្មោះ ស្ខូ សាន់ដាន់ ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់។ ក្រោយពេលដឹងរឿងរ៉ាវអស់ហើយ គាត់បានទៅដាក់ពាក្យបណ្ដឹង នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីសុំឲ្យសមត្ថកិច្ចជួយស្វែងរកយុត្តិធម៌ឲ្យក្មួយស្រីរបស់គាត់។

មន្ត្រីនគរបាលស្រុកលំផាត់ បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភកូនដើម ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ស៊ីណាត ខាក អាយុ៣៦ឆ្នាំ ជនជាតិឡាវ មុខរបរជាកសិករ ។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ល គ អាយុ៩ឆ្នាំ ជនជាតិទំពួន ហើយពួកគេទាំង​២នាក់ ត្រូវជាឪពុកចុង និងកូនដើម រស់នៅក្នុងភូមិឃុំខាងលើ។

ក្រោយពេលទទួលបានពាក្យបណ្ដឹងពីសាច់ញាតិរបស់ជនរងគ្រោះ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួន ជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់៕