ភ្នំពេញ៖ ថ្មីៗនេះគេឃើញមានការចែកចាយយ៉ាងច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ទៅលើវីដេអូឃ្លីបរបស់ស្ត្រីវ័យក្មេងម្នាក់ ដែលបាននិយាយរៀបរាប់ពីបទពិសោធន៍កម្ចីប្រាក់ប៉ះចំក្រុមហ៊ុនចិនមិនស្របច្បាប់ ដែលតែងតែប្រើវិធីសាស្ត្រលួងលោមនាង ហាក់ដូចជាជំរិតលុយស្រស់ៗតែម្ដង ។

ស្ត្រីរងគ្រោះនៅក្នុងករណីខាងលើនេះ បាននិយាយនៅក្នុងវីដេអូឃ្លីបរបស់នាងថា ដំបូងឡើយគាត់ខ្វះលុយត្រឹមតែពីរពាន់ដុល្លារប៉ុណ្ណោះ ហើយស្របពេលនោះ មានក្រុមហ៊ុនប្រាក់កម្ចីមួយបានមកទាក់ទង ដោយផ្ដល់ជូននូវលក្ខខណ្ឌងាយៗ ប៉ុន្តែគ្រប់យ៉ាងផ្ទុយស្រឡះពីការផ្សព្វផ្សាយ ខណៈដែលបន្ទាប់ពីខ្ចីហើយ ខាងក្រុមហ៊ុននោះបានដាក់បន្ទុកយ៉ាងខ្លាំងលើនាងតែម្ដង ។

ក្រោយមកស្រាប់តែមានក្រុមហ៊ុនប្រាក់កម្ចីផ្សេងៗទៀតមកទាក់ទងនាង ហាក់ដូចជាដឹងថា នាងកំពុងត្រូវការលុយបន្ទាន់ដើម្បីសងទៅក្រុមហ៊ុនទី១ ដែលការនិយាយរបស់ពួកគេក៏មិនខុសពីក្រុមហ៊ុនទី១ ដែរ ប៉ុន្តែហាក់ដូចជាមានអ្វីមកសណ្ដំ នារីរងគ្រោះក៏បានងប់ងល់ទាំងស្រុងទៅលើក្រុមប្រាក់កម្ចីមួយចំនួន ដែលនាងអះអាងថា ជាក្រុមហ៊ុនតែមួយជាមួយក្រុមហ៊ុនទី១ ដែលប្រើល្បិចបោកប្រាស់នាងអស់លុយសរុបជិត ១០ម៉ឺនដុល្លារ ទើបនាងភ្ញាក់ខ្លួន ។

ជាមួយគ្នានេះស្ត្រីរងគ្រោះ ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ah Yata SP បានសរសេរថា «សូមបងប្អូន ប្រិយមិត្ត ប្រេីប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់គ្នា សូមជួយ share video clip នេះតៗគ្នាឱ្យបានដល់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សូមអោយគាត់ជួយដល់ប្រជាពលរដ្ឋ និង រាស្ត្រខ្មែរ កុំអោយលិចលង់នឹងប្រាក់កម្ចីក្រុមហ៊ុនចិនមិនស្របច្បាប់ដូចរូបនាងខ្ញុំ ដែលក្រុមហ៊ុននេះកំពុងវាយប្រហារយ៉ាងខ្លាំងលើបងប្អូនប្រជាជនខ្មែរពួកយើង សូមបងប្អូនមេត្តាអាណិតដល់រូបនាងខ្ញុំ ក៏ដូចបងប្អូនខ្មែរយើងផងដែរ សូមអរគុណទុកជាមុន» ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ដែលនារីរងគ្រោះនិយាយចែករំលែកបទពិសោធន៍ជីវិតដ៏អាក្រក់របស់នាងទាក់ទងនឹងរឿង កម្ចីប្រាក់ ៕