ភ្នំពេញ ៖ បុរសជាជនអនាថាម្នាក់ ត្រូវបានប្រទះឃើញដើរ ដេកដួលតាមផ្លូវ ក្នុងសភាពមានជម្ងឺប្រចាំកាយ តាំងពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចលើចិញ្ចើមផ្លូវបេតុង ក្បែររោងចក្រហាត់តា ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ទោះជាពលរដ្ឋរាយការណ៍ ទៅសមត្ថកិច្ច ឬអាជ្ញាធរក៏ដោយ តែមិនមានឃើញខាងអាជ្ញាធរ ឬសមត្ថកិច្ចណា មកជួយបុរសខាងលើនោះឡើយ បានត្រឹមតែឆ្លើយដាក់គ្នា ប្រចាំគ្នាពីមួយទៅមួយ។

ដោយសារតែមិនមានចំណាត់ការ ណាមួយយកចិត្តទុកដាក់ ទៅលើបុរសអនាថាខាងលើ ហើយបានអូសបន្លាយពេល រហូតដល់វេលាម៉ោង ១២និង៥០នាទីរសៀលថ្ងៃដដែល សភាពរបស់បុរសខាងលើ កាន់តែដុនដាប ទើបពលរដ្ឋនាំគ្នាភ្ញាក់ផ្អើល ទូរស័ព្ទហៅរថយន្តគ្លីនិកឯកជន តែមិនឃើញឡានពេទ្យណាទៅជួយទេ ទើបសម្រេចហៅ រថយន្តសង្រ្គោះរបស់រដ្ឋ ឲ្យទៅជួយសង្រ្គោះអាយុជីវិត របស់គាត់តែម្តង។

ជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណ មានអាយុជាង៤០ឆ្នាំ ត្រូវបានគេប្រទះឃើញ មកស្នាក់នៅត្រង់ចំណុចខាងលើ តាំងពីពេលព្រលឹម ថ្ងៃទី១៥ ខែឧសភានេះមកម្ល៉េះ មិនដឹងថា កូនចៅ ផ្ទះសម្បែងនៅដល់ណានោះទេ ដើររសាត់អណ្តែត គ្មានគោលដៅបែបនេះ ។

ជនរងគ្រោះក្រោយពីពលរដ្ឋ ហៅរថយន្តគ្លីនិកឯកជន តែមិនឃើញទៅជួយដឹក យកទៅសង្រ្គោះ ទើបត្រូវបានរថយន្តរបស់មន្ទីរពេទ្យ បង្អែកពោធិចិនតុង ដឹកបញ្ជូនយកទៅមន្ទីរពេទ្យ ព្រះកុសុមៈ ដើម្បីសង្គ្រោះផងដែរ៕