រតនគីរី៖ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១២ ឧសភា ២០១៨ម្សិលមិញនេះ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយយុវជនវ័យក្មេងម្នាក់ បានយកសាំងចាក់ដុតខ្លួនឯង បន្ទាប់ពីខឹងនិងបងប្អូន ស្តីបន្ទោសបន្តិចបន្តួច តែត្រូវបានបងប្អូន ជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ទាន់ពេលវេលា ដោយហេតុការណ៍នេះ បានកើតឡើងនៅចំណុច ផ្ទះរបស់យុវជនខាងលើតែម្តង ដែលស្ថិតនៅភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគីរី។

យុវជនវ័យក្មេងចិត្តខ្លាំងខាងលើ មានឈ្មោះ អ៊ុត ដាំលី អាយុ១៨ឆ្នាំ ជនជនជាតិឡាវ មុខរបរជាសិស្សថ្នាក់ទី១០ មានទីលំនៅនៅភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគីរី ហើយបើតាមសម្តីរបស់សាច់ញាតិ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បងប្អូនបាននាំគ្នា ស្តីបន្ទោសទៅលើយុវជនខាងលើ បន្តិចបន្តួចប៉ុណ្ណោះ ស្រាប់តែក្មេងប្រុសចិត្តខ្លាំង បានរត់ទៅទិញសាំង យកមកចាក់ស្រោចលើខ្លួន ហើយដុតខ្លួនតែម្តង ។

បន្ទាប់ពីកើតហេតុ បងប្អូនបាននាំគ្នាជួយសង្គ្រោះ យុវជនវ័យក្មេងខាងលើ យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ភ្លាមៗផងដែរ តែរូបគេត្រូវភ្លើងឆេះ រងរបួសធ្ងន់ធ្ងរណាស់ សំណាងមិនបានបាត់បង់ជីវិត បន្ទាប់មកសាច់ញាតិយុវជនខាងលើ ក៏បានបញ្ជូនទៅសង្គ្រោះ នៅមណ្ឌលសុខភាព ស្រុកវើនសៃបន្តភ្លាមៗផងដែរ ៕