ខេត្តព្រៃវែង៖ រឿងដ៏អយុត្តិធម៌មួយ កើតឡើងលើគ្រួសាររបស់ ក្មេងស្រីរងគ្រោះម្នាក់ ត្រូវបានមន្ត្រីនគរបាល ឋានន្តរស័ក្តិអនុសេនីយ៍ទោ បានចាប់រំលោភ រួចបង្ខាំងទុកបង្ខំឲ្យដេកជាមួយភ្ញៀវ ដើម្បីរកលុយឲ្យរូបគេ ទិញថ្នាំញៀន។ បន្ទាប់ពីមានការចុះផ្សាយ យ៉ាងព្រោងព្រាត ពីបណ្តាញសារព័ត៌មាន ក៏ដូចបណ្តាញសង្គមហ្វេសប៊ូករួចមក ព័ត៌មាននេះក៏បានដឹងដល់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

លោកក៏បាន ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រីជំនាញចុះស្រាវជ្រាវ និងមានវិធានផ្លូវច្បាប់ ប្រសិនបើរកឃើញ បានប្រព្រឹត្តដូចអ្វី ដែលការចោទប្រកាន់ ដូចដែលសារព័ត៌មាន បានចុះផ្សាយនោះ ត្រូវចាប់ឃាត់ខ្លួនជាបន្ទាន់ផងដែរ ។

យោងតាមសម្តីរបស់ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តសេនីយ៍ទោ ស្រេង ជា បានឱ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹង ជនរងគ្រោះភ្លាម លោកបានសុំ គោល ការណ៍ថ្នាក់លើ នឹងបានចាត់កម្លាំងចុះស្រាវជ្រាវ ស៊ើបអង្កេតភ្លាមៗ រហូតឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។ លោកបន្តថា ជនសង្ស័យឈ្មោះ ឌឹម មករា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

បន្ទាប់ពីឃាត់ខ្លួន កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង កាលពីថ្ងៃទី១១ ខែឧសភា និងបន្តរហូត ដល់ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នេះ ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្ត បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជនសង្ស័យ ពីបទៈ អំពើរំលោភសេពសន្ថវៈ ស្ថានទម្ងន់ទោស ដោយសារមធ្យោបាយប្រើប្រាស់បង្ខាំង ដោយខុសច្បាប់ និងសញ្ចារកម្មស្ថានទម្ងន់។

រំលឹករឿងរ៉ាវឡើងវិញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានល្បីទូទាំងខេត្តព្រៃវែង ដោយមានមន្ត្រី​នគរបាល ​ខេត្តព្រៃវែង​ម្នាក់ ​មាន​ប្រពន្ធ​ថែម​ទាំង ​មានកូន​២​នាក់ទៅ​ហើយ ​បាន​រង​បណ្តឹង​ចោទប្រកាន់ ​ពី​ជនរងគ្រោះមួយ​គ្រួសារ ប្តឹងពីបទ​គំរាមកំហែង ​បាញ់​សម្លាប់​មួយ​ពូជ បន្ទាប់ពីមន្ត្រីនគរបាលខាងលើ ​បាន​ចាប់រំលោភ​សេពសន្ថវៈ​ លើ​កូន​របស់​គាត់​ដែល​មាន​អាយុ​ ទើបតែ១៦​ឆ្នាំ រហូត​បាន​សម្រេច។

មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីនគរបាលខាងលើ បាន​យក​ក្មេងស្រីរងគ្រោះ ដែលខ្លួនចាប់រំលោភហើយនោះ​ ទៅ​ចាក់សោរ​បង្ខាំង​ទុក​ ក្នុងផ្ទះជួល​មួយនៅ​ភ្នំពេញ បង្ខំ​ឲ្យ​បម្រើសេវា​ផ្លូវភេទ ជាមួយ​ភ្ញៀវ​ប្រុសៗជាច្រើន ដើម្បី​យក​លុយ ​មក​ឲ្យ​ខ្លួន​គេ​ទិញ​ថ្នាំ​ញៀន ដើម្បី​ជួញដូរ និង​ប្រើប្រាស់​ទៀតផង ។ ក្មេង​ស្រី​រង​គ្រោះ​ ឈ្មោះ​ល​.​ស​.​ហ អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុង​បន្ទុក​ ជាមួយ​ឪពុក​ឈ្មោះ ព្រំ សា​រិ​ទ្ធ អាយុ​៤៥​ឆ្នាំ និង​ម្តាយ​ឈ្មោះ ហែម តង អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​រោង ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

យោងតាមសម្តីដ៏ឈឺចាប់ របស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់សារព័ត៌មានមួយថា អំឡុង​ខែ​១១ ឆ្នាំ​២០១៧ ដែល​រូប​នាង​ទើបតែ ​មាន​អាយុ​១៥​ឆ្នាំ ហើយ​នៅផ្ទះ​តែ​ម្នាក់ឯង ដោយ​ឪពុក​ម្តាយ​ បាន​ចេញ​ទៅ​ផ្សា​រក​អណ្តើក ទិញ​អីវ៉ាន់ រីឯ​ប្អូន​ៗ​បី​នាក់​ទៅ​រៀន​អស់ ស្រាប់តែ​មាន​បុរស​ម្នាក់​ ឈ្មោះ ឌឹ​ម មក​រា ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ មុខងារ​ជា​មន្ត្រី​នគរបាល​ខេត្តព្រៃវែង និង​ត្រូវជា​កូនប្រុស​បង្កើត ​របស់​លោក​ឧត្តមសេនីយ៍ត្រី ឌឹ​ម យ៉ា​រ៉ុ​ម ស្នងការ​រង​ខេត្តព្រៃវែង ទទួល​ផ្នែក​សេនាធិការ​ខេត្ត ។

នាងបានយំបណ្តើរ ហើយរៀបរាប់បន្តថា លោក ឌឹ​ម យ៉ា​រ៉ុ​ម បាន​បញ្ជូន​កូនប្រុស ឲ្យ​មក​ឈរជើង​នៅ​ព្រំដែន កម្ពុជា​-​វៀតណាម ច្រក​ស្វាយ​អា​ង៉ោង ថែម​ទាំង​មាន​ប្រពន្ធ​កូន​២​នាក់​ទៅ​ហើយ ជន​នោះ​បាន​ដើរ​ចូល ​មក​ក្នុងផ្ទះ​របស់​នាង ​រួច​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​ថា តែ​ហ៊ាន​ស្រែក និង​ប្រាប់​គេឯង​ឲ្យ​ដឹង ​គេនិង​បាញ់​សម្លាប់​មួយ​ពូជ ។

និយាយរួចជនឃោរឃៅរូបនេះ បាន​អូស​ដៃ​នាង​ឡើង​ទៅ​លើ​ផ្ទះ ដោយ​កាន់​កាំភ្លើង ​ភ្ជង់​ក្បាលនាង​ជាប់ ហើយ​ធ្វើ​សកម្មភាព​ រំលោភ​នាង​រហូត​បាន​សម្រេច ទើប​ប្អូនស្រី​នាង​ មក​ពី​រៀន​វិញ​ទាន់ ក៏​ត្រូវ​ជនល្មើស ​ឈ្មោះ ឌឹ​ម មក​រា នេះ​គំរាម​បាញ់​សម្លាប់​ដែរ ។ តែ​ប្អូនស្រី​នាង​ បាន​រត់​ចេញ​ទៅ​ហៅ​យាយ​បង្កើត ​នៅផ្ទះ​កូន​ខាង​មុខ ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ ពី​ផ្ទះ​របស់​ខ្លួន។ តែ​ទំ​រាំ​យាយ​ទៅ​ដល់ ជន​នេះ​បាន​រត់គេច​ខ្លួន​ តាម​ទ្វារ​ក្រោយ ទៅ​បាត់​ដោយ​ទុក​ទូរស័ព្ទ​ធំ​១​គ្រឿង មិន​ចាំ​ម៉ាក​ សម្រាប់​ឲ្យ​ទាក់ទង​ទៅ​គេ បើ​មិន​ដូច្នោះ​ទេ គេ​នឹង​មក​បាញ់​សម្លាប់ ​មួយ​គ្រួសារ​ទាំងអស់ ។

នាងបានរៀបរាប់បន្ត ទាំងក្តុកក្តួលក្នុងចិត្តថា ដោយ​ខ្លាច​ការ​គំរាម​ពី​ជន​នោះ​ ថា​នឹង​បាញ់​សម្លាប់​ម៉ែឪ បងប្អូន ខ្លួន​សុខចិត្ត​ទ្រាំ​ឈឺចាប់​ លាក់បាំង​មិន​បាន​ប្រាប់​យាយ ​ឪពុក​ម្តាយ​ថា ជន​នេះ​ចាប់រំលោភ​ខ្លួន ​បាន​សម្រេច​នោះ​ទេ ទោះបីជា​ពួក​គាត់​ឈ្លេចសួរ ជជីក​សួរ​ដេញដោល​យ៉ាងណា​ក៏ដោយ ។

បន្ទាប់ពីរឿងនេះកើតឡើង ឪពុកម្តាយរបស់នាង បានគិតថាបើទុកនាង ឲ្យនៅផ្ទះនេះទៀត ​ខ្លាច​មាន​បញ្ហា​បន្ត​ ក៏រំ​ដោះ​បញ្ជូន​ខ្លួន​នាង ឲ្យទៅ​ធ្វើ​ការងារ នៅ​កាស៊ីណូ​មួយ​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង បាន​រយៈពេល​១​ខែ​កន្លះ ស្រាប់តែ​ជន​ឈ្មោះ ឌឹ​ម មក​រា បាន​ទូរស័ព្ទ​មក​គំរាម​នាង​ ឲ្យ​ជិះរថយន្តឈ្នួល ​ទៅ​ជួប​គេ​នៅ​ភ្នំពេញ បើ​មិន​ទៅ​ទេ គេ​នឹង​មក​បាញ់​សម្លាប់​មួយ​គ្រួសារ ។

ក្មេង​ស្រី​រង​គ្រោះ​បញ្ជាក់​ថា ដោយ​គិត​ពី​សុខ​សុ​វត្ថ​ភាព​ក្រុម​គ្រួសារ​នាង នាងក៏សម្រេចចិត្ត ឡើង​ជិះ​រថយន្តឈ្នួល​ ទៅ​ជួប​ជន​ឈ្មោះ ឌឹ​ម មក​រា នៅ​រាជធានី​ភ្នំពេញ ដោយ​មិន​បាន​ប្រាប់​ក្រុម​គ្រួសារ​ឲ្យ​ដឹង​នោះ​ទេ ។

ក្មេង​ស្រី​រង​គ្រោះ បញ្ជាក់​បន្ថែម​ថា ជន​ឈ្មោះ ឌឹ​ម មក​រា នេះ​មាន​ប្រពន្ធ​កូន​២​នាក់ ហើយ​ប្រពន្ធ​ត្រូវជា​បងប្អូន ​ជីដូនមួយ​ជាមួយក្រុម​គ្រួសាររបស់​នាង​ទៀត រស់នៅ​ភូមិ​ឃុំ​ខាងលើ​ជាមួយ​គ្នា (​ផ្ទះ​ក្បែរ​គ្នា​) ។ ហើយ​ខណៈ​ដែល​នាង​ឡើង ​ទៅ​ដល់​ភ្នំពេញ គឺ​ឈ្មោះ ឌឹ​ម មក​រា បាន​នាំ​នាង​ទៅ​ដេក​ផ្ទះសំណាក់​យីហោ ទន្លេ​មាស នៅ​ជិត​ប៉ុស្តិ៍​ទូរទស្សន៍​ស៊ី​ធី​អ៊ិ​ន គីឡូ​លេខ​៦ បាន​រយៈពេល​៤​ថ្ងៃ ក៏​នាំ​ទៅ​ដេក​ផ្ទះ​បង​ពួកម៉ាក​គេ នៅ​គីឡូ​លេខ​៨ បាន​២​ថ្ងៃ​ ក៏​បន្ត​ទៅ​ដេក​ផ្ទះ​មិត្តភក្តិ​ របស់​គេ​ម្នាក់​ទៀត នៅ​ទឹកថ្លា​បាន​ប្រហែល​១​ស​ប្តា​ហ៍ ក៏​ជួល​បន្ទប់​នៅ​ក្បែរ​នោះ ​ស្នាក់​នៅ​តែ​ម្តង ។

សរុប​ទៅ​រយៈពេល​០៣​ខែ នៅ​ភ្នំពេញ នាង​គ្មាន​សេរីភាព​ទេ គឺ​ឈ្មោះ​នេះ​ បាន​ចាក់សោរ​បង្ខាំង​នាង នៅ​ក្នុងផ្ទះ​ ពេល​ទៅ​ណា​ម្តង​ៗ គឺទៅជាមួយ​គេ​ ហើយ​គេ​បង្ខំ​ឲ្យ​ខ្លួន​ញញឹម​រីករាយ។ មិនតែប៉ុណ្ណោះ​នាង​ចោទ​ថា ជន​នេះ​បាន​បង្ខំ​ឲ្យ​នាង ​ទៅ​ដេក​ជាមួយ​ប្រុស​ផ្សេង យក​លុយ​មក​ឲ្យ​ជន​នេះ ទិញ​ថ្នាំ​ញៀន​យក​មក​ប្រើប្រាស់ និង​យក​ថ្នាំ​ញៀន​ទៅ​ជួញដូរ​ រហូត​ដល់​ស្រុក កំពង់ត្របែក​ទៀត​ផង។ ហើយ​នៅ​ពេល​ដែល​នាង​ រក​លុយ​មិន​បាន​ឲ្យ​គេ​ទិញ​ថ្នាំ​ញៀន គេ​វាយ​បោច​សក់​ធ្វើបាប​នាង​ទៀត ។

ក្មេង​ស្រី​រង​គ្រោះ បន្ត​ថា សម្បី​តែ​ទូរស័ព្ទ​ក៏ជន​នេះ ​មិន​ឲ្យ​ប្រើ​ដែរ ហើយ​ទូរស័ព្ទ​ដែល​ជន​នេះ​ប្រើ គឺ​យកឈ្មោះ​នាង​ ដាក់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​គេ។ ហើយ​នៅ​ថ្ងៃមួយ ពេល​ដែល​ជន​នេះ​ចេញ​មក​ក្រៅ​មួយ​ភ្លែត នាង​ក៏យក​ទូរស័ព្ទ​លួច​តេ​ មក​ប្រាប់​ឪពុក​ឲ្យ​ទៅ​យក​ខ្លួន​មក​ផ្ទះ​ផង។ ហើយ​ឪពុក​នាង ​ក៏បាន​ទូរស័ព្ទ​ប្រើ​ល្បិច​ទៅ​លួងលោម​ ឲ្យ​វា​ទន់​ចិត្ត ហៅ​ថា​កូន​ឯង​នាំ​ប្អូន​មក​ផ្ទះ​វិញ​មក ទើប​ជន​នេះ នាំ​នាងមក​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​៨​យប់ ។

ពេល​មក​ដល់​ផ្ទះភ្លាម ​ជន​នេះ​នៅ​តែ​មក​រករឿង​ស្រែក​ឡូឡា គំរាមកំហែង​ទារ​យក​នាង ​ឲ្យ​ទៅ​ជាមួយ​វា​វិញ ហើយ​ថែម​ទាំង​វាយ​បំផ្លិចបំផ្លាញ ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​នាង ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​នាង​ភ័យរ​ត់ទៅ​ហៅ​ប៉ូលិស​ប៉ុស្តិ៍ ឲ្យ​មក​ជួយ​អន្ត​រាគ​ម៏ ក៏ប៉ុន្តែ​ប៉ូលិស​ប៉ុស្តិ៍​ទាំងនោះ ​គេ​មិន​មក​ទេ។

ដោយសារ​ខ្លាច​ការ​គំរាមកំហែង ​ញឹក​ញាប់​ពេក គ្រួសារ​របស់​ក្មេង​ស្រី​រង​គ្រោះ ទៅ​ដាក់​ពាក្យបណ្តឹង​ នៅសាលាឃុំ​ចាម តែ​មេឃុំ​ក្រុមប្រឹក្សា​ឃុំ គេ​និយាយ​ថា រឿង​កន្លង​ហួស ទុកជា​អាសា​របង់​ទៅ ឪ​គេ​ធ្វើការ​ធំ​ណាស់។ ​ឳ​ពុក​ម្តា​យនាង​ក៏មក​ផ្ទះ​វិញ​ រហូត​ដល់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ទើប​គ្រួសារ​គាត់​មក​ដាក់​ពាក្យបណ្តឹង ​នៅ​អធិការ​ដ្ឋាន ​នគរបាល​ស្រុក​កំពង់ត្របែក ឲ្យ​ជួយ​រក​យុត្តិធម៌ ដោយ​សូម​ទារជំងឺចិត្ត​ចំនួន​៥,០០០​ដុល្លារ និង​សូម​ឲ្យ​សមត្ថកិច្ច ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ផង ។

ទោះ​យ៉ាងណា ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ សូម​សំណូមពរ​ដល់​អង្ក​ការ អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ ជា​ពិសេសប្រមុខ​រាជរ​ដ្ឋា​ភិ​បាល មេត្តា​ជួយ​រក​យុ​ត្តិ​ធ៌​ម​ ឲ្យ​កូនស្រី​គាត់​ផង ព្រោះ​ជន​នេះ​កាច​សាហាវឃោរឃៅ​ណាស់ អ្នក​ភូមិ​ខ្លាច​គ្រប់​ៗ​គ្នា ។

ពាក់​ព​ន្ធ័​បញ្ហា​នេះ លោក ស្រេង ជា ស្នងការ​នគរបាល​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែឧសភា នេះ​ថា លោក​ទើប​ទទួល​បាន​ពាក្យបណ្តឹង ​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ហើយ​លោក​ក៏បាន​បញ្ជា​ឲ្យ​លោក​អធិការ ​ធ្វើ​រឿង​នេះ​ហើយ ។

ទោះជា​យ៉ាងណា លោកស្នងការ​បញ្ជាក់​ថា ឈ្មោះ ឌឹ​ម មក​រា នេះ​ជា​នាយ​រង​ផ្នែក​អគ្គិភ័យ ​ខេត្តព្រៃវែង ខូច​ណាស់ ត្រូវ​ឳ​ពុក​បង្កើត​ គឺ​លោក​ឧត្ដមសេនីយ៍ត្រី ឌឹ​ម យ៉ា​រ៉ុ​ប ស្នងការ​រង​ខេត្តព្រៃវែង ទទួល​ផ្នែក​សេនាធិការ​ខេត្តព្រៃវែង ប្រដៅ​យ៉ាងណា ក៏​វា​នៅ​តែ​មិន​រាងចាល​ដែរ ​អាហ្នឹង​(​ជនជាប់ចោទ​) ។

សូម​ជម្រាប់ថា វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​ មិនមែន​បណ្តែតបណ្តោយ​ ឲ្យ​អ្នកឯង​ធ្វើ​អ្វី​ខុសច្បាប់​បែប​នេះ​ទេ បើ​ធ្វើ​ខុស​វិន័យ​របស់​អង្គភាព ត្រូវ​តែ​ទទួលកំហុស​ ចំពោះ​មុខ​ច្បាប់ ទោះបី​កូន​អ្នក​ណាក៏ដោយ។ ជាក់ស្តែង អគ្គស្នងការ​នគរបាល​ជាតិ នឹង​ធ្វើការ​ស្រាវជ្រាវ​ យ៉ាង​យកចិត្តទុកដាក់ ចំពោះ​ករណី​នេះ ហើយ​ក្នុង​ករណី​រក​ឃើញ​ថា ឈ្មោះ ឌឹ​ម មក​រា ឋានន្តរស័ក្ដិ​អនុសេនីយ៍ទោ បាន​ប្រព្រឹត្ត​បទល្មើស​ ដូច​ការ​ចោទប្រកាន់​មែន​នោះ អគ្គស្នងការ​នគរបាល​ជាតិ នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់ ៕