កណ្ដាល៖ បុរសម្នាក់ខឹងប្រពន្ធហាមណែនាំមិនឱ្យផឹកស្រា និងជក់បារី ក៏កើតជាទំនាស់ពាក្យសម្ដី រហូតក្លាយជាអំពើហិង្សាយក​ខ្នង​កណ្តៀវ​ទៅកាប់​ក្បាល​ប្រពន្ធ​ពីក្រោយបណ្ដាលឱ្យហូរឈាមដេរ ៣ថ្នេរ ព្រមទាំងវាយបំផ្លាញទ្រព្យសម្បត្តិ ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅឃាត់ខ្លួនកាលពី​រសៀល​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅក្នុង​ភូមិ​កណ្តាល​ ឃុំ​សណ្តារ​ ស្រុក​លើកដែក​ ខេត្តកណ្តាល ។

ស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ភ័​ណ្ឌ ឌី​ណា​ ហៅ​រី​ណា អាយុ ១៩ឆ្នាំ ​ជនជាតិខ្មែរ ​មានមុខ​របរ​ធ្វើ​ចំការ ​ស្នាក់នៅ​ខាង​ប្តី​ផ្ទះកើតហេតុ​ខាងលើ ចំណែកជនបង្កជាប្ដីមានឈ្មោះ សាត សុ​ភ័​ក្ត អាយុ ២៨ឆ្នាំ​ ជនជាតិខ្មែរ ​មានមុខ​របរ​ធ្វើ​ចំការ ​រស់នៅ​ជាមួយគ្នា ។

មុនកើតហេតុ គេបានឃើញទាំងពីរនាក់ប្ដីប្រពន្ធអង្គុយនៅផ្ទះ​បងជីដូនមួយ​ឈ្មោះ ចាន់ ធី ដែលមាន​ដីឡូត៍ជាប់​គ្នា ហើយបុរសជាប្ដីបានផឹកស្រាស្រវឹង ព្រមទាំងទាញបារីមកជក់ ។ ឃើញដូចនេះ ប្រពន្ធមិនពេញចិត្ត ក៏បានក្រោកឡើងមកផ្ទះ ហើយប្ដីក៏ដើរតាមក្រោយមកជាមួយគ្នាដែរ ។

ពេលមកដល់ផ្ទះ បុរសជាប្ដីបានស្រែកបណ្ដេញប្រពន្ធឱ្យវេចខោអាវចុះចេញពីផ្ទះ ហើយភ្លាមនោះ ប្រពន្ធក៏វេចខោអាវដាក់លើម៉ូតូបម្រុងជិះចេញ តែត្រូវប្ដីស្រែកគំរាមថា ប្រសិនបើហ៊ានជិះចេញគេនឹងកាប់កម្ទេចចោល ព្រមទាំជេរប្រមាថប្រពន្ធថែមទៀតផង ។

ជាមួយគ្នានោះដែរ ស្ត្រីជាប្រពន្ធក៏បានតមាត់ ធ្វើឱ្យប្ដីផ្ទុះកំហឹងក៏ទាញបានកណ្តៀវ​មកកាប់ក្បាលប្រពន្ធពីក្រោយ បណ្ដាលឱ្យដាច់សាច់ហូរឈាម ។ ភ្លាមនោះ ប្រពន្ធ​ក៏បាន​ទាញ​កូនកាំបិត​ធ្វើ​ត្រី​គប់​ទៅ​ប្តី​វិញ​ដែរ ​តែ​គប់​ពុំ​ត្រូវឡើយ ។
ក្រោយ​កើតហេតុ​ ជនរងគ្រោះ​ត្រូវបានឪ​ពុក​ក្មេក ​និង​បងថ្លៃ​ជូនទៅ​ពេទ្យ​ក្អម​សំណរ ចំណែក​ជនសង្ស័យ​ ត្រូវបាន​នគរបាល​ឃាត់ខ្លួន​បញ្ជូនទៅកាន់​ផ្នែក​ជំនាញ​ចាត់ការ​តាម​នីតិវិធី ៕